ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សូមធ្វើការបកស្រាយ និងបំភ្លឺជូនពាក់ព័ន្ធនឹងករណី មានប្រជាពលរដ្ឋបានប្ដឹងចូល page Facebook អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលមានខ្លឹមសារថា (សួស្តី បងខ្ញុំឆាតទៅខាងបង មានរឿងចង់ឲ្យខាងបងជួយពិនិត្យ និងដោះស្រាយ ពាក់ព័ន្ធនឹងការបង្កជាសំឡេងរំខាន ការចាក់បទចម្រៀង ពេលខ្លះដល់ម៉ោង១១យប់ជាងក៏មាន ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ(ដែលគាត់ ឬពួកគាត់ត្រូវក្រោកពីព្រឹកដើម្បីបំពេញការងារ) ។ ទីតាំងដែលបង្កសំឡេងរំខានគឺចេញពីអាហារដ្ឋានភ្នំយ៉ាត(នៅខាងកើតការ៉ាស់សាំងTELA ជាប់នឹងផ្លូវជាតិលេខ៤ ដែលស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ) ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃពួច និងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានចុះធ្វើការអប់រំ និងកិច្ចសន្យាទីតាំងអាហារដ្ឋានភ្នំយ៉ាត ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធនឹងបញ្ហាចាក់ធុងបាស់(ឧបករណ៍បំពងសំឡេង) និងផឹកស៊ីស្រែកហ៊ោ និយាយគ្នាឮៗ ដែលជាហេតុប៉ះពាល់ដល់អ្នករស់នៅជិតខាង ។
បន្ទាប់ពីសមត្ថកិច្ចបានចុះធ្វើកិច្ចសន្យារួច ឈ្មោះ ខុម ឃី ភេទប្រុស អាយុ២៩ឆ្នាំ ជាម្ចាស់ទីតាំងអាហារដ្ឋានភ្នំយ៉ាត បានសន្យាថានឹងមិនចាក់ធុងបាស់(ឧបករណ៍បំពងសំឡេង)ឮៗ និងផឹកស៊ីស្រែកហ៊ោ និយាយគ្នាឮៗ ដល់ម៉ោង១១និង១២យប់ ដែលប៉ះពាល់ដល់អ្នកជិតខាងទៀតឡើយ ៕
មតិយោបល់