ព័ត៌មានជាតិ

ជនជាតិហ្វីលីពីនម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់!

ត្បូងឃ្មុំ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយជនជាតិហ្វីលីពីនម្នាក់ ជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តម៉ាក អ៉ីស៊ុយស៊ុយមួយគ្រឿង ​បើកបរខ្វះការប្រុងប្រយត្ន័ បុកពេញទំហឹង បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៩-១៤០ ក្នុងភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក អ៉ីស៊ុយស៊ុយមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​ 2B-9732 បើកបរពីសួង ទៅកំពង់ចាម (កើតទៅលិច) បានជែងរថយន្តមួយគ្រឿងទៀត ស្រាប់តែជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាកស៊ីលវឺវ៉ីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-0617 បើកបរដោយឈ្មោះ គ្រីស្ទ បូឡាតូ ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិហ្វីលីពីន ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់ បែកប្រអប់ជើងឆ្វេង តែជាអកុសលបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់