ព័ត៌មានជាតិ

ចាក់ធុងបាស ឲ្យអ្នកជិតខាងរាំលេងកម្សាន្ត បែរជាឆក់ខ្សែភ្លើងស្លាប់ទៅវិញ

កណ្តាលៈ គួរឲ្យសោកស្តាយបុរសម្នាក់បានស្លាប់ ដោយសារចង់ឲ្យអ្នកជិតខាងសប្បាយ ទៅចាក់ធុងបាស រាំលេងកម្សាន្ត រួចក៏ឆក់ខ្សែភ្លើងស្លាប់ខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ខ អធិការក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ាត់ សុខរាជ្យ ភេទ ប្រុស អាយុ២១ឆ្នាំ
មានស្រុកកំណើតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរបើកឡាន ក្រុមហ៊ុន។

លោកអធិការបញ្ជាក់ថា៖ តាមការសាកសួរបំភ្លឺរបស់ ប្រពន្ធជនរងគ្រោះដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានតខ្សែភ្លើងដើម្បី ចាក់ធុងបាសឲ្យនាក់ជិតខាងរាំលេងកំសាន្ត រួចក៏ឆក់ខ្សែភ្លើង ហើយប្រពន្ធ និងសាច់ញាតិក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល តែនៅពេលទៅដល់មន្ទីរពេទ្យហើយខាងគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់ហើយ។

ក្រោយពីបានទទួលដំណឹងនេះហើយសមត្ថកិច្ចជំនាញក្រុងតាខ្មៅនិងគ្រូពេទ្យជំនាញបានចុះទៅពិនិត្យសាកសពតែម្តង។

ការសន្និដ្ឋាន ក្រោយពីការពិនិត្យសាកសពរួចមកយើងឃើញថានៅលើ ម្រាមដៃ កណ្តាលខាងឆ្វេងរបស់ជនរងគ្រោះមានស្នាមខ្មៅរោល(ស្នាមឆេះ) ហើយលោកគ្រូពេទ្យជំនាញនិងសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងតាខ្មៅសន្និដ្ឋានបានថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។

ក្រោយពីការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់