កងកម្លាំងសន្តិសុខភូមាបានសម្លាប់ក្រុមអ្នកតវ៉ានៅទូទាំងប្រទេសយ៉ាងហោច ១១៤ នាក់ នៅថ្ងៃសៅរ៍ ២៧ មីនា ២០២១
ការបង្ក្រាបដ៏សាហាវនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកតវ៉ាភូមា ចេញចុះផ្លូវធ្វើបាតុកម្ម នៅក្នុងថ្ងៃប្រារព្ធទិវាកងទ័ពលើកទី៧៦ បើទោះបីជាមានការព្រមានពីសំណាក់របបយោធាក្តី។
នៅឯទិវាកងទ័ព គេឃើញមានការចូលរួមពីតំណាងនៃប្រទេសចំនួន ៨ ក្នុងនោះរួមមានទាំងប្រទេសថៃមួយផង។ ក្នុងពិធីនារដ្ឋធានីណៃពិដោ គេឃើញក្បួនដង្ហែព្យុហយាត្រាកងទ័ព និងគ្រឿងសញ្វវុធជាច្រើន។ ក្នុងឱកាសនោះ មេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានថ្លែងថា កងកម្លាំងយោធានឹងការពារប្រជាជនភូមា ព្រមទាំងខិតខំពុះពារដើម្បីលទ្ធិប្រជាធិបតេយ្យ។
ដោយឡែក នៅមួយមុនថ្ងៃប្រារព្ធទិវាកងទ័ពនេះ របបយោធា បានព្រមានថា ក្រុមអ្នកតវ៉ា នឹងប្រឈមទៅនឹងការបាញ់បង្ក្រាបចំក្បាលនិងខ្លួន ប្រសិនបើហ៊ានចេញធ្វើបាតុកម្មនៅក្នុងថ្ងៃដ៏សំខាន់នេះ។
តែទោះបីជារងការគំរាមកំហែង ដល់អាយុជីវិតបែបនេះក្តី ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ នៅតែមិនខ្លាច និងថែមទាំងបានខ្នះខ្នែងតស៊ូ ចេញធ្វើបាតុកម្មនៅក្នុងទីក្រុងរ៉ង់ហ្គូន ម៉ង់ដាឡេ និងនៅតាមបណ្តាទីក្រុងជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា យោងតាមតុល្យការចុងក្រោយ យ៉ាងហោចណាស់មានជនស៊ីវិលជាង ១០០ នាក់ ក្នុងនោះមានទាំងកុមារផង ត្រូវបានសម្លាប់នៅទូទាំងប្រទេសភូមា នៅថ្ងៃសៅរ៍ម្សិលមិញនៅពេលដែលរបបយោធា បន្តបង្ក្រាបយ៉ាងឃោរឃៅ លើចលនាតវ៉ាដោយសន្តិវិធីរបស់ប្រជាជនភូមា។ តួលេខថ្មីនេះ បានរុញច្រានឲ្យចំនួនប្រជាជនភូមាដែលស្លាប់កើនដល់ជាង ៤០០ នាក់ រាប់ចាប់តាំងពីមានរដ្ឋប្រហារមក។
ពលរដ្ឋភូមាម្នាក់ឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters នៅកណ្តាលទីក្រុងម៉ាយអ៊ីងយ៉ាន(Myingyan) ថា ពួកយោធាភូមា កំពុងសម្លាប់ប្រជាជន ដូចជាសត្វបក្សីឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់ពួកគេក៏ដោយ។ “យើងនឹងបន្តធ្វើការតវ៉ា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។ នេះគឺជាសម្តីរបស់ពលរដ្ឋភូមាខាងលើដដែល។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសបានថ្កោលទោសជាខ្លាំងចំពោះកងទ័ពភូមា ដែលបានសម្លាប់ជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ។ ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅប្រទេសភូមា បានលើកឡើងថា អំពើហិង្សានេះ គឺមិនអាចទទួលយកបានសោះឡើយ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។ ហើយអ្នកដែលប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេជាដាច់ខាត៕
ប្រភព៖ RFI
មតិយោបល់