ភ្នំពេញៈ ការងារកសិកម្មរបស់កសិករអាចនឹងយឺតជាងឆ្នាំមុនៗ ដោយសារកត្តាប្រែប្រួលអាកាលធាតុខុសធម្មតា ធ្វើឲ្យមានការអូសបន្លាយរដូវប្រាំងវែង នាំឲ្យការធ្វើស្រែចំការរបស់កសិករអាចនឹងយឺតពេល ឬមួយអាចធ្វើឲ្យមានការថបថយនូវទិន្នផល។
គេហទំព័រក្រសួងកសិកម្មបានបង្ហាញពីសភាពការណ៍នៃល្បឿនការងារបង្កបង្កើនផល ស្រូវវស្សាឆ្នាំ២០១៦ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ការភ្ជួររាស់ដីរបស់កសិករសម្រេចបានជាង៣សែន៩ពាន់ហិកតា ក្នុងនោះភ្ជួររាស់ដោយគោក្របី បានជាង៣ពាន់២រយហិកតា និងដោយគ្រឿងយន្តបានជាង៣សែន៥ពាន់ហិកតា តិចជាងឆ្នាំមុនជាង៣សែន៣ម៉ឺន៦ពាន់ហិកតា។
របាយការណ៍ដដែលថា ការសាបព្រួសរបស់កសិករសម្រេចបានចំនួន១៦២ហិកតា តិចជាងឆ្នាំមុន១៥៣៧ហិកតា។ ការដកស្ទួងនិងព្រោះសម្រេចបានជាង១សែន៣ម៉ឺនហិកតា ស្មើនឹង ៥,៣៤ភាគរយ នៃផែនការ ២,៤៧លានហិកតា គឺតិចជាងឆ្នាំមុន ដល់ទៅជាង ២សែន ៤ម៉ឺនហិកតា។
ប៉ុន្តែបើតាមការទស្សន៍ទាយបែបទំនៀមទម្លាប់ប្រពៃណីខ្មែរដោយ «គោឧសភរាជ» ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ការបង្កបង្កើនផលដំណាំកសិកម្មសំខាន់ៗមួយចំនួនពិសេស ស្រូវ សណ្តែក និងពោតនៅក្នុងឆ្នាំនេះត្រូវគេរំពឹងថា នឹងទទួលបានទិន្នផលខ្ពស់ល្អប្រសើរ។ បច្ចុប្បន្នការធ្វើកសិកម្មនៅកម្ពុជាពឹងផ្អែកលើទឹកភ្លៀងស្ទើរតែទាំងស្រុងជាហេតុធ្វើឲ្យទិន្នផលនៃការដាំដុះទទួលបានផលមិនសូវជាខ្ពស់ប៉ុន្មានឡើយ៕
មតិយោបល់