តំបន់ឯកជន គឺជាផ្នែកមួយនៃរាងកាយដែលទាមទារឲ្យថែរក្សា និងធ្វើអនាម័យដោយយកចិត្តទុកដាក់ខ្លាំងបំផុត។ ប៉ុន្តែស្ត្រីជាច្រើនមានភាពអាម៉ាស់ ហើយមិនងាយពិភាក្សាអំពីបញ្ហាសុខភាពផ្លូវភេទជាមួយអ្នកណាឡើយ សូម្បីតែគ្រូពេទ្យ។
ទោះជាយ៉ាងណា ស្ត្រីគ្រប់រូបត្រូវដឹងថា ការពិនិត្យសុខភាពជាមួយនឹងអ្នកជំនាញរោគស្ត្រីជាប្រចាំពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចប៉ះពាល់ដល់ការមានកូន និងទំនាក់ទំនងផ្លូវភេទជាមួយនឹងដៃគូ។ ជាពិសេសប្រសិនបើអ្នកសង្កេតឃើញ តំបន់ឯកជន កើតមានរោគសញ្ញាដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅរកជំនួយជាបន្ទាន់៖
១.រមាស់
ស្ត្រីគ្រប់រូបមិនត្រូវមើលរំលងរោគសញ្ញាមួយនេះឡើយ ព្រោះវាអាចជារោគសញ្ញានៃការឆ្លងមេរោគ ឬជំងឺកាមរោគ។ ដូច្នេះ កុំបណ្តែតបណ្តោយយូរ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីរកវិធីដោះស្រាយជាបន្ទាន់។
២.មានក្លិន
ទ្វារមាសមិនមែនមានក្លិនក្រអូបដូចផ្តានោះទេ ប៉ុន្តែវាក៏មិនមែនមានក្លិនអាក្រក់ដែរ។ ប្រសិនបើនៅសុខៗស្រាប់តែក្លិនមិនល្អកើតឡើង នោះគឺជាសញ្ញាមួយទៀតដែលបង្ហាញថាតំបន់ឯកជន កំពុងតែរងការវាយប្រហារពីមេរោគផ្សេងៗ។
៣.ទឹករំអិលផ្លាស់ប្តូរពណ៌
ប្រសិនបើទឹករំអិលដែលហូរចេញពីតំបន់ឯកជនប្រែប្រួលទៅជាពណ៌ លឿង បៃតង ប្រផេះ ឬត្នោត ជាករណីដែលគួរឲ្យបារម្ភចំពោះភាពមិនប្រក្រតីនៃទ្វារមាស។ នៅពេលមានស្ថានភាពបែបនេះកើតឡើង អ្នកក៏គួរតែប្រញាប់ទៅជួបគ្រូពេទ្យដូចគ្នា។
៤.ហូរឈាមខុសធម្មតា
ការហូរឈាមខុសប្រក្រតី នៅក្នុងអំឡុងពេលមករដូវ មិនមែនជារឿងតូចតាចឡើងសម្រាប់សុខភាពតំបន់ឯកជន ព្រោះវាអាចជារោគសញ្ញាមួយនៃជំងឺមហារីកមាត់ស្បូន។
៥.មានអារម្មណ៍ក្តៅពេលបញ្ចេញនោម
ការមានអារម្មណ៍ក្តៅ ក្នុងអំឡុងពេលបញ្ចេញនោម គឺជារោគសញ្ញាទូទៅនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ហេតុនេះ អ្នកត្រូវព្យាយាមទទួលទានទឹកឲ្យបានច្រើន ដើម្បីបណ្តេញបាក់តេរីមកក្រៅវិញឲ្យអស់។
ប្រសិនបើអ្នកសង្កេតឃើញអាការណាមួយដូចករណីខាងលើនេះ គួរតែប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យភ្លាម ឬឧស្សាហ៍ទៅពិនិត្យសុខភាពជាមួយនឹងអ្នកជំនាញរោគស្ត្រីជាប្រចាំ ដើម្បីទទួបានសុខភាពល្អ៕
ប្រភព៖ boldsky
មតិយោបល់