ព័ត៌មានជាតិ

Update មានវីដេអូ៖ ជាងភ្លើងរថយន្តម្នាក់ ភ្លាត់ស្នៀតត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញៈ យុវជនម្នាក់ មានមុខរបរជាជាងជួសជុលរថយន្តផ្នែកជាងភ្លើង ហើយខណៈពេលកំពុងផ្សាដុំដេររថយន្តដឹងកុងតឺន័រ១គ្រឿង ស្រាប់តែក្បាលផ្សារនោះឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងយានដ្ឋានផ្សាដែក និងជួសជុលរថយន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះខាងលើនោះមានឈ្មោះ ឡាត់ ឡុង អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅលីវពុំទាន់មានប្រពន្ធកូននៅឡើយទេ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យនគរបាលដឹងថា គាត់ក៏ធ្វើជាជាងរថយន្តដែរ និងបានស្នាក់នៅផ្ទះជួល ជាមួយក្មួយដែលជាជនរងគ្រោះនេះដែរ ហើយគាត់និងក្មួយប្រុសម្នាក់នេះ ទើបតែបានមកធ្វើការនៅក្នុងយានដ្ឋានជួសជុលរថយន្ត ខាងលើ បានរយៈពេល១ថ្ងៃតែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុគាត់បានជួសជុលរថយន្ត១គ្រឿងផ្សេងគ្នា ដោយឡែកក្មួយគាត់ម្នាក់ នេះបានជួសជុលរថយន្ត១គ្រឿងផ្សេងទៀត ដោយគេបានតភ្លើងផ្សាដុំដេររថយន្តកុងតឺន័រ ខណៈនោះក្បាលផ្សាឬគេតែងហៅថា ក្បាលមាន់នោះ បានឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ ដួលដេកទៅលើដីស្លាប់ភ្លាមៗតែម្ដង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលកើតហេតុជិត១ម៉ោងទើប មានការភ្ញាក់ផ្អើលហើយម្ចាស់យានដ្ឋានបានហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ទៅដើម្បីដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ក្រុមសង្គ្រោះបាន ពិនិត្យមើលឃើញថាជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបគេបានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលមូលដ្ឋានចុះពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

https://youtu.be/BQPkMoDDTgY

មតិយោបល់