ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុម ហ៊ុនផែស្ងួតតេងឡាយ មិនដឹងថាអ្នកបើកបរងងុយដេក ឬស្រវឹងស្រានោះឡើយ បានបើកបរជ្រុលទៅបុក បង្គោលភ្លើងថ្ម១ដើមបានបាក់ និងដាច់ខ្សែកាប្លិ៍ភ្លើង២ខ្សែធ្លាក់មកដី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលបង្គោលភ្លើងខាងលើនោះស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីពិភពថ្មី ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា រថយន្តបង្ក១គ្រឿងនោះពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0245 បើកបរដោយបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ ជារថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ហើយអ្នកបើកបរ និងព្រូព្រមទាំងអ្នកដំណើរតាម ផ្លូវផងមិនមាននរណារងរបួសនោះឡើយ។ នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តបង្ក១គ្រឿងនេះបើកបរ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយដែលនៅក្នុងទូកុងតឺន័រនោះ មានផ្ទុកទំនិញអ្វីនោះទេ លុះពេលទៅដល់ត្រង់ ចំណុច កើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងនោះទាំងកំរោលតែម្ដង ដោយមិនដឹងថាមានបញ្ហាអ្វីឡើយ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យរថយន្តខាងលើរងការខូចខាតយ៉ាងដំណំ ដោយឡែកបង្គោលភ្លើងបាន បាក់ជាកំណាត់ៗ សង្កត់ក្បាលរថយន្តជាប់ព្រមទាំងដាច់ខ្សែកាប្លិ៍ភ្លើង២ខ្សែធ្លាក់មកដី ចំណែកអ្នកបើកបរ និងព្រូមិនបានប្រាប់ពី អត្តសញ្ញាណរបស់ខ្លួននោះទេ ហើយពួកគេ ក៏មិនបានរងរបួសដែរ។
ក្រោយពេលកើតហេតុមន្រ្តីអគ្គិសនីបានចុះទៅពិនិត្យមើល ការខូចខាតបង្គោលភ្លើង និងការដាច់ខ្សែកាប្លិ៍ភ្លើង និងបានធ្វើការតាមជំនាញភ្លាមៗដែរ ព្រោះមានការបារម្ភពីសុវត្ថិភាពរបស់ប្រជា ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ ខ្លាចឆក់បង្កឲ្យគ្រោះថ្នាក់កើតឡើង។បន្ទាប់នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចបានរាយការណ៍ទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅកាន់ការិយាល័យរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/8BtUrZazDM4
មតិយោបល់