ភ្នំពេញ៖ ស្ត្រីម្នាក់ ដោយមានវិបត្តិផ្លូវចិត្ត ហើយបានផឹកស្រាស្រវឹងជោគជាំ បានវាយធ្វើបានកូនប្រុសខ្លួនឯង ដែលទើបតែមានអាយុ៣ខែប៉ុណ្ណោះ បណ្ដាលឱ្យមានស្នាមរបួសពេញខ្លួន កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួល ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីជាម្តាយរបស់ក្មេងរងគ្រោះ មានឈ្មោះ ឃិប អាយុ២៨ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាង ស្នាក់នៅបន្ទប់ជួល រស់នៅតែពីរនាក់ម្តាយកូនកន្លះឆ្នាំមកហើយ ខណៈប្តីមិនទទួលខុសត្រូវ។
តាមការបញ្ជាក់ពីអ្នកជិតខាង ដែលស្នាក់នៅបន្ទប់ក្បែរកន្លែង កើតហេតុបញ្ជាក់ថា ស្ត្រីជាម្តាយដែលប្រើហិង្សាលើកូននេះ បានផឹកស្រាជាប្រចាំ។ នៅថ្ងៃកើតហេតុ ស្ត្រីរូបនេះក៏បានផឹកស្រា និងបានវាយធ្វើបាបកូន បណ្ដាលឱ្យចេញឈាមតាមមាត់ និងច្រមុះ ដៃជើងសុទ្ធតែស្នាមក្រចក។ ក្រោយឃើញដូចនេះ អ្នកជិតខាងបានចូលទៅជួយ និងទំនាក់ទំនងទៅសមត្ថកិច្ចឱ្យចុះអន្តរាគមន៍ និងបានយកទឹកដោះគោឱ្យក្មេងបៅ ហើយយកក្មេងចេញពីម្តាយ និងដាក់ឱ្យសម្រាក។
យោងតាមការលើកឡើងរបស់ស្ត្រីជាម្ដាយដែលប្រើហិង្សានេះ បានឱ្យដឹងថា ឪពុកក្មេងនេះរស់នៅខេត្តកំពត ហើយមិនទទួលខុសត្រូវចំពោះខ្លួន និងកូនឡើយ។ ដោយសារតែខ្លួនស្រវឹង និងមួម៉ៅខ្លាំងពេក ទើបជ្រុលដៃវាយកូន ហើយបានសន្យាចំពោះមុខសមត្ថកិច្ចថា ឈប់វាយកូនខ្លួនឯងទៀតហើយ។ ទោះជាយ៉ាងនេះក៏ដោយ មានអ្នកជិតខាងជាច្រើនបានលើកឡើងពីការមិនទុកចិត្ត ហើយមិនចង់ឱ្យកូនទៅស្ត្រីជាម្ដាយវិញឡើយ ព្រោះខ្លាចក្មេងត្រូវទទួលរងការវាយធ្វើបាបម្ដងទៀត។ ប៉ុន្តែនគរបាលដែលបានចុះទៅសួរនាំ ហើយស្ត្រីជាម្ដាយក៏បានទទួលកំហុសខ្លួន និងបានយល់ព្រមឱ្យកូនទៅអ្នកជិតខាងមើលថែបណ្តោះអាសន្នសិន៕
មតិយោបល់