ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ ពាក់ព័ន្ធករណីកែច្នៃកាំភ្លើង

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌឬស្សីកែវ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះលោក ហេង សុខណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធ ករណី ច្នៃអាវុធខុសច្បាប់ ជាបណ្ដោះអាសន្នហើយ។

ប្រភពដដែលបានបញ្ជាក់ថា លោក ខាំ សុផារី តំណាងអយ្យការបាន ចោទប្រកាន់លើឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ កែច្នៃអាអាវុធដោយខុសច្បាប់ ប្រព្រឹត្ត កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភើ្លង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឬស្សី កែវ យោងតាមមាត្រា ១៨ និងមាត្រា ២០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ។

គួររំលឹកថា សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានឃាត់ខ្លួនជនត្រូវចោទខាងកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយរកឃើញ អាវុធច្នៃដូចប៊ិច ក្នុងប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវរថភើ្លង ក្រុមទី១ ក្នុង ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឬស្សីកែវ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានអាវុធកែច្នៃចំនួន១ដើម មានគ្រាប់ ចំនួន១គ្រាប់ និងម៉ូតូ ម៉ាកស្កុបពី ពណ៌ទឹកសមុទ្រលាយស ពាក់សា្លកលេខភ្នំពេញ 1AB-6712 (ស្លាកលេខកែ្លងកា្លយ) ចំនួន១គ្រឿង៕

មតិយោបល់