មីយ៉ាន់ម៉ាៈ ចំនួនជនស៊ីវិលសរុប ១៦៣ នាក់ហើយ ត្រូវបានសម្លាប់ និង ៩១ នាក់ទៀត បន្តបាត់ខ្លួននៅឡើយ ក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការវាយប្រហារភេរវករលើកដំបូង កាលពីខែតុលា ឆ្នាំ ២០១៦។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ភាគច្រើនអ្នកស្លាប់ និងបាត់ខ្លួនទាំងនោះ រួមមានអ្នកភូមិ, មន្រ្តីរាជការ និងកងកម្លាំងសន្តិសុខចំនួន ៧៩ នាក់ ត្រូវបានសម្លាប់ ជាមួយនឹងការបាត់ខ្លួន ៣៧ នាក់ ក្រោយការវាយប្រហារភេរវកម្ម ចាប់តាំងពីថ្ងៃទី៩ ខែតុលាឆ្នាំមុន រហូតដល់ថ្ងៃទី ២៤ ខែសីហាឆ្នាំនេះ ខណៈដែលមនុស្ស ៨៤ នាក់រួមមាន ពួកហិណ្ឌូ, ជនជាតិដើមភាគតិចរ៉ាឃីន, ដាងណេត, ម៉ុក, មន្រ្តីរាជការ និងកងកម្លាំងសន្ដិសុខ ត្រូវបានសម្លាប់ និង ៥៤ នាក់ទៀតបានបាត់ខ្លួន ក្នុងអំឡុងពេលនៃការវាយប្រហារជាថ្មី ពីសំណាក់ក្រុមឧទ្ទាម ARSA កាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំនេះ។
លោក U Ye Htut ស្នងការរងនៃអគ្គនាយកដ្ឋានរដ្ឋបាលស្រុក Maungtaw បាននិយាយថា តួលេខអ្នកស្លាប់ និងបាត់ខ្លួនទាំងនេះ គឺទទួលបានព័ត៌មានពីក្រុមអ្នកប្រមូលទិន្នន័យ ដែលបានចាប់ផ្តើមធ្វើការស្ទង់មតិ និងវាយតម្លៃអំពីការបាត់បង់ និងខូចខាត នៅក្នុងរដ្ឋរ៉ាឃីន បន្ទាប់ពីការវាយប្រហារភេរវកម្ម កាលពីចុងសប្តាហ៍មុន៕
មតិយោបល់