ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ៖ បើអាចសូមជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសនៅក្នុងម៉ោងមមាញឹក!!!

ភ្នំពេញៈ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានចេញព័ត៌មាន ស្តីពីការកែសម្រួលប្រព័ន្ធចរាចរណ៍ ត្រង់ចំណុចរង្វង់មូលទាំងសងខាងស្ពានជ្រោយចង្វារ ឲ្យបានជ្រាបថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ ហើយចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើស្ពានមិត្តភាពកម្ពុជា-ចិន តែមួយប៉ុណ្ណោះ។
ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន)។

ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយទីប្រឹក្សាបច្ចេកទេសជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជាអតិបរមាដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ក្នុងកំទ្បុងពេលនៃការជួសជុលស្ពាន ដើម្បីកាត់បន្ថយកម្រិតអប្បបរមានូវរាល់ផលប៉ះពាល់ទាំងទ្បាយណាដែលបង្កការរំខានដល់ការធ្វើចរាចររបស់អ្នកដំណើរ និងយានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ក៏ដូចជាការបញ្ជៀសការកកស្ទះ ដោយការដាក់ចេញនូវវិធានការណ៍មួយចំនួនដូចជា ៖ ការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសងខាង ការរៀបចំគំនូសប្លង់បង្ហាញទិសដៅប្រព័ន្ធចរាចរណ៍ ការផ្តល់នូវដំណោះស្រាយសម្រាប់ការពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មានទាក់ទងនឹងផ្លូវវាងផ្សេងទៀត ជាដើម ។ល។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សូមការអធ្យាស្រ័យ និងយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការរំខានទាំងទ្បាយណាដែលនឹងកើតមានទ្បើងក្នុងកំទ្បុងពេលនៃការជួសជុលស្ពាននេះ ហើយក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋទាំងអស់ ហើយបើអាចសូមជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសនៅក្នុងម៉ោងមមាញឹក។

សូមជម្រាបផងដែរថា ការស្តារទ្បើងវិញស្ពានជ្រោយចង្វារចាស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។ គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយះពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩៕

មតិយោបល់