ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់Post News ថា មានករណីប្រជាពលរដ្ឋបានប្រទះឃើញទារកប្រុសម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅខាងក្រោមម្លប់ស្តៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ មានស្ត្រីម្នាក់ឈ្មោះ សួន នី អាយុ៣៦ឆ្នាំ រស់នៅភូមិត្នោតត្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានទៅបាចជីស្រែនៅម្តុំខាងត្បូងឃ្លាំងរលាំង ហៅព្រះហារាម ក្នុងភូមិកើតហេតុខាងលើ។ ពេលនោះស្រាប់តែឭសម្លេងក្មេងយំ ទើបគាត់ដើរតាមរកមើល ស្រាប់តែឃើញមានក្មេងប្រុសតូចម្នាក់ ត្រូវបានគេយកមកដាក់ចោលនៅលើភ្លឺស្រែ ក្រោមម្លប់ស្តៅ ដោយមានខោអាវ២កំប្លេ មួក១ ដាក់ក្នុងថង់ ទើបបង្កឲ្យភ្ញាក់ផ្អើល ធ្វើឲ្យស្ត្រីខាងលើ សម្រេចនាំកូនក្មេងតូចរូបនេះមករាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយមក ដោយសារតែរកឪពុកម្តាយក្មេងនេះមិនឃើញ បូករួមទាំងមានពលរដ្ឋចិត្តល្អបានស្មគ្រ័ចិត្តព្រមទទួលចិញ្ចឹមប្រុសរូបនេះ ទើបសមត្ថកិច្ចបានធ្វើលិខិតប្រគល់ក្មេងតូចរូបនេះឲ្យទៅបុរសឈ្មោះ ជុំ សំណាង ដែលស្នាក់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះខាងលើនេះ យកទៅចិញ្ចឹមបីបាច់តែម្តង៕
https://youtu.be/UkxVfsLAKm8
មតិយោបល់