ភ្នំពេញៈ រថយន្តម៉ាកហាយប្រីដអកហ្សឺបុកម៉ូតូឌ្រីម បណ្តាលឲ្យអ្នកជិះម៉ូតូប្រុស្រី៣នាក់រងរបួសក្នុងនោះស្រីជាប្រពន្ធមានផ្ទៃពោះផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវនរោត្តម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថាគាត់មិនបានដឹងពីការបើកម៉ូតូនិងរថយន្តលឿនឬយឺតយ៉ាងណានោះទេ គ្រាន់តែដឹងថារថយន្តម៉ាកហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ 7721បើកទិសដៅពីកើតទៅលិចហើយម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BR 7993 បើកតាមបណ្តោយផ្លូវនរោត្តមទិសដៅពីជើងទៅត្បូង ឌុបប្រពន្ធមានផ្ទៃពោះនិងកូនម្នាក់ ហើយស្រាប់តែលឺលាន់ប្រាវបណ្តាលឲ្យរងរបួសទាំង៣នាក់តែម្តង។
តាមការឲ្យដឹងពីយុវជនដែលបើករថយន្តហាយប្រីដខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តតាមផ្លូវខាងលើមកដល់ចំណុចកើតហេតុអកហ្សឺនិងម៉ូតូខាងលើ ខណៈដែលខ្លួនបង្អង់ម៉ូតូបង្អង់ដែរ។ ហើយពេលខ្លួនជាន់ហ្គែរ ម៉ូតូក៏បន្ថែមល្បឿន ហើយបុកចំខាងឆ្វេងម៉ូតូផ្នែកខាងក្រោយបណ្តាលឲ្យដួលម៉ូតូតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ប្តីប្រពន្ធនិងកូនត្រូវបានស្ត្រីអ្នកមានចិត្តធម៌ម្នាក់ដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនបណ្តោះអាសន្នរីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបានរាជធានីភ្នំពេញដើម្បីដោះទៅតាមនីតិវិធីច្បាប់៕
មតិយោបល់