ក្រុមហ៊ុន Google បានប្រកាសនៅសប្តាហ៍នេះថា កម្មវិធីផ្តល់សេវាផ្ទុកទិន្នន័យលើបណ្តាញអិុនធើណែត Drive របស់ខ្លួនឥឡូវនេះ អាចធ្វើការពេញលេញជាមួយកម្មវិធី Files ថ្មីលើ iPhone/iPad ដើរដោយប្រព័ន្ធ iOS 11 របស់ក្រុមហ៊ុន Apple បានហើយ! ពោលគឺ តាមរយៈកម្មវិធី Files លោកអ្នកអាចបើកដំណើរការឯកសារកម្សាន្ត ក៏ដូចជាឯកសារប្រភេទផ្សេងៗទៀត ដែលផ្ទុកនៅក្នុងកម្មវិធី Google Drive បាន។
ការច្របាច់បញ្ចូលគ្នានេះ គឺធ្វើឡើងជាមួយកំណែចុងក្រោយបង្អស់របស់កម្មវិធី Google Drive សម្រាប់ iPhone និង iPad ជំនាន់ 4.2017.37510។ ក្រោយពេលដំឡើងជំនាន់ថ្មីបំផុតនេះរួចនៅលើ iPhone ឬ iPad ដំណើរការដោយប្រព័ន្ធ iOS 11 លោកអ្នកអាចរកមើលស្លាកសញ្ញាក្រហមមួយនៅខាងក្រោមផ្នែក ‘More Locations” ក្នុងកម្មវិធី Files ដែលវាបង្ហាញថាអ្នកអាចចូលទៅកាន់កម្មវិធីផ្តល់សេវា Cloud ថ្មីមួយបាន។
ក្រុមហ៊ុន Google បាននិយាយទៀតថា ការច្របាច់បញ្ចូលនេះ ក៏ពង្រីកទៅដល់កម្មវិធី Docs, Sheets និង Slides ផងដែរ។ ដោយនៅពេលដែលអ្នកប្រើប្រាស់បើកដំណើរការឯកសារណាមួយដូចជា Word, Excel, PowerPoint នៅក្នុងកម្មវិធី Files នោះវានឹងទាញកម្មវិធីសម្រាប់បើកឯកសារនោះឡើងតែម្តង។
សូមចុចត្រង់នេះ Google Drive ដើម្បីទាញយកកម្មវិធី Google Drive សម្រាប់ iOS ពីក្នុង App Store បាន៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់