ព័ត៌មានជាតិ

មានវីដេអូ៖ តុលាការកាត់ទោស បុរសនីហ្សេរីយ៉ា ម្នាក់រឿង ជួញដូរគ្រឿងញៀន ជាង១៤គីឡូ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស បុរស ជនជាតិនីហ្សេរីយ៉ា ម្នាក់ពាក់ព័ន្ធ សំណុំរឿងជួញដូរគ្រឿងញៀន ជាង ១៤គីឡូក្រាម។

លោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការនៃសវនាការ បានចោទប្រកាន់លើឈ្មោះ IHEONU GRABRIEL ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១៤,៤៦៨.៥០ក្រាម (ជាង១៤គីឡូ) ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ យោងតាមមាត្រា ៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ IHEONU GRABRIEL បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

ជនជាប់ចោទបានបន្តថា បងប្អូនជីដូចមួយខ្លួន ឈ្មោះ PERT បានពឹងពាក់ឲ្យជួយទៅទទួលអីវ៉ាន់ ជាកាបូបលុយស្ត្រី ដែលផ្ញើមកពីប្រទេសចិន ដែលមានឈ្មោះ JACKY ជាអ្នកផ្ញើមក។

ជនជាប់ចោទ បានបដិសេធថា ខ្លួនអត់ដឹងថា កាបូបនោះ មានបង្កប់គ្រឿងញៀននោះទេ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចច្រកទ្វាព្រំដែនវៀតណាម បានរកឃើញគ្រឿងញៀនខាងលើ ត្រូវបានផ្ញើមកកម្ពុជា ទើបសមត្ថកិច្ចប្រទេសទាំង២ សហការគ្នារហូតឃាត់ខ្លួនជនជាប់ចោទបាន។

ក្រោយពីឃាត់ខ្លួនជនជាប់ចោទ រួចសមត្ថកិច្ចបាននាំជនជាប់ចោទទៅឆែកឆេរបន្ទប់ជួល រកឃើញ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង ស្លាបព្រាកាហ្វេ និងថង់ប្លាស្ទិចច្រកគ្រឿងញៀនមួយចំនួនធំ បន្ថែមទៀត។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការសម្រេចលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខវិញ៕

មតិយោបល់