ភ្នំពេញៈ ជនសង្ស័យ២នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួន ក្រោយពីជិះម៉ូតូអត់មានស្លាកលេខមួយគ្រឿងឌុបគ្នា(ហើយម៉ូតូនោះគ្រាប់សោម៉ូតូត្រូវកាច់បំបែកខ្ទេច)ដោយសង្ស័យទើបឃាត់យកមកប៉ុស្តិ៍សាកសួរនិងធ្វើតេស្តទឹកនោមមានផ្ទុកសារធាតុញៀនទៀតផង។
ករណីនេះបង្កភ្ញាក់ផ្អើលនិងឃាត់ខ្លួនកាលពីម៉ោង១២ថ្ងៃត្រង់ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ នៅ ស៊ីនិត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកស្នាក់ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទី២ឈ្មោះ អ៊ុក ច័ន្ទប៊ុនណារ៉ាក អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន មានស្រុកកំណើតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាធ្វើការល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងម៉ាកSR MOTARD ពណ៌សលាយខ្មៅ អត់ស្លាកលេខ ដោយឌុបគ្នាតាមផ្លូវសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសថ្មីដោយសង្ស័យក៏ហៅអោយឈប់និងត្រួតពិនិត្យឃើញម៉ូតូអត់លេខខាងលើបែកគ្រាប់កុងតាក់ខ្ទេចនិងនៅជាប់ខ្លួនឃើញមានដែកឆ្នៃចុងស្រួចសម្រាក់កាច់ម៉ូតូចំនួនមួយត្រូវជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារីឃើញដូចនេះក៏ឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីនាំខ្លួនមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាជាបឋមបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកនោមសិន ក្រោយពីធ្វើតេស្តឃើញថាជនសង្ស័យទាំង២នាក់ទឹកនោមមានផ្ទុកនូវសារធាតុញៀនដូចនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននិងសាកសួរបន្ត ហើយត្រូវបានជនសង្ស័យសារភាពប្រាប់ថាពួកគេទាំង២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងកាច់កលួចម៉ូតូយ៉ាងសកម្មកក្នុងរាជធានីភ្នំពេញពិតប្រាកដមែន ហើយម៉ូតូដែលជិះនេះក៏លួចគេមកពីក្រុងតាខ្មៅខេត្តកណ្តាលមកដែល។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំបញ្ជូនទៅសាលាដំបូងរាជធាននីភ្នំពេញពេលក្រោយ៕
មតិយោបល់