ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ មានជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿង បានធ្វើសកម្មភាព ឆក់កាបូប នៅម្តុំផ្សារឧតុនិយម សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាល គ្រប់មុខជំនាញ គ្រប់មុខព្រួញទាំងអស់ ពង្រាយដេញស្ទាក់គ្រប់ច្រកល្ហក ដែលមុខសញ្ញាកំពុងរត់គេច។
ជាលទ្ធផលមិនដល់រយៈពេល២០នាទីផង កម្លាំងនគរបាលព័ទ្ធស្ទាក់ចាប់បានជនសង្ស័យ នៅចំណុចផ្លូវកាត់ពី អូរទី១ ឡើងទៅឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ៤ ដែលពួកជនល្មើសជិះម៉ូតូរត់វក់វីគេចខ្លួន ក្នុងក្រុងព្រះសីហនុ ហើយរត់មិនរួច បានបោះបង់ម៉ូតូចោល ហើយរត់ប្រាសអាយូស រៀងៗ ខ្លួន តែត្រូវបាននគរបាល ចាប់បានទាំង៣នាក់ នៅវេលាម៉ោង៥ និង៣០នាទីល្ងាចតែម្តង។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ខុន ពិសី ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូយ៉ាឌួលី មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ដែលសម្ភារបាត់បង់រួមមាន៖ កាបូបពណ៌ខ្មៅ១ ទូរស័ព្ទដៃម៉ាក i-Phone 6 plus ១គ្រឿង និង លុយ ២,២០០រៀល។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុខសញ្ញាសង្ស័យទាំង៣នាក់ទី១. ឈ្មោះង៉ាន ហាក់លី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ៣ សង្កាត់២ (អ្នកបើកបរម៉ូតូ ចារី ) ទី២.ឈ្មោះ និត ម៉ាណាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៣ ក្រុងព្រះសីហនុ ( អ្នកជិះកណ្តាលអ្នកឆក់) និងទី៣.ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជិះពីក្រោយ សហចារី) ។
វត្ថុតាងចាប់បានរួមមាន សម្ភាររបស់ជនរងគ្រោះ ដូចរៀបរាប់ខាងលើ និងម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ១គ្រឿង ស្លាកលេខព្រះសីហនុ 1F.1799 ជាមធ្យោបាយធ្វើសកម្មភាព៕
មតិយោបល់