បន្ទាយមានជ័យៈ ទីបំផុតទៅក្រុមមេក្លោងជួញដូរគ្រឿងញៀនប្រុសស្រីចំនួន៣នាក់ ប្រចាំក្រុងប៉ោយប៉ែត ត្រូវបាន លោក ផេង កុសល ចៅក្រមស៊ើបសួរនៃសាលដំបូងខេត្តបន្ទាយមានជ័យ ចេញដីកា សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នហើយនៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ តាម Telegram នៅរសៀលថ្ងៃនេះថា លោកបាន សម្រេចចោទប្រកាន់លើ៖
-ឈ្មោះ សៀង ស្រីណែត ភេទស្រី អាយុ ១៦ឆ្នាំ ,ឈ្មោះ សៀង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ឡៃ ហួរ ភេទស្រី អាយុ ៤៦ឆ្នាំ
ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនត្រូវចោទប្រុសស្រី ៣នាក់ខាងលើ កាលពីវេលាម៉ោង១១ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយដកហូតបាន គ្រឿងញៀនប្រភេទ
-ម្ស៉ៅក្រាម មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០១,៩ក្រាម
-គ្រឿងញៀនប្រភទ យ៉ាម៉ា គ្រាប់ ចំនួន ២០កញ្ចប់ ស្មើ ៤,០៣៣ គ្រាប់
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១
-ម៉ូតូចំនួន ១គ្រឿង
-ទូរសព្ទដៃ ចំនួន ២គ្រឿង
-និងគ្រាប់អាប៉ោង ចំនួន ៤គ្រាប់៕
មតិយោបល់