រតនគិរីៈ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីជនសង្ស័យជាស្ត្រីរូបនេះបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់កញ្ចឹងកបុរសអ្នករត់ម៉ូតូឌុបម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀល នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ុ នី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ រីឯជនសង្ស័យមានឈ្មោះ ផាន់ ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ.ឡាវ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
មុនពេលកើតហេតុជនសង្ស័យបានជួលម៉ូតូឌុបរបស់ជនរងគ្រោះ ជិះពីក្រុងបានលុងទៅស្រុក វើនសៃ ក្នុងតម្លៃ៣មុឺនរៀល រហូតមកជិតដល់ស្រុក កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យបានឲ្យម៉ូតូជនរងគ្រោះបន្ថយល្បឿនដើម្បីចុះបត់ជើងតូច។ ភ្លាមៗនោះជនសង្ស័យក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយចាក់ចំកញ្ចឹងកពីក្រោយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ តែត្រូវបានជនរងគ្រោះជិះម៉ូតូរត់បានចម្ងាយប្រហែល១៦គីឡូម៉ែត្រ ដោយឈាមហូរច្រើនពេកក៏ឈប់ហើយពឹងឲ្យគេជួយហៅរថយន្ដសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្រ្គោះតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្តរតនគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ បើកការស្រាវជ្រាវ រហូតដល់ម៉ោង៣និង៣០នាទីថ្ងៃឆ្នាំដដែល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តងដោយ ដកហូតបាន កូនកាំបិតចុងស្រួចចំនួន១, ស្បែកជើងជនសង្ស័យ២គូ(ថ្មីមួយ១ ចាស់មួយ១) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចនៃអធិការស្រុក កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់