ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះលួចម៉ូតូយ៉ាងសកម្ម ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនករណីលួចម៉ូតូបានតាំងពីយប់ប្រហែលម៉ោង១២កណ្ដាលអធ្រាត្រ យកមកលាក់ទុកនៅម្ដុំដីវាលក្រោយបុរីកីឡា ខណៈនោះកម្លាំងល្បាតក្នុងមូលដ្ឋានឃើញសង្ស័យក៏យកម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលវាលវង់។ លុះព្រឹកព្រលឹមម៉ោង៦៖១៥នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យមកយកម៉ូតូដែលលួចបានលាក់ទុកនោះ កម្លាំងនគរបាលឃ្លាំមើលនៅចំណុចនោះឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀត គេចខ្លួនតែម្ដង។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវបេតុង ចំណុចរថយន្តក្រុងក្បែរសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រ៉ា ឆាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករនៅផ្សារនាគមាស ត្រូវឃាត់ខ្លួនជាក់ស្តែងពេលមកយកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BA-4898 និងជនសង្ស័យម្នាក់ទៀត រត់បាត់មានឈ្មោះ ដិន ឡេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ មកលួចម៉ូតូនៅក្បែរផ្ទះសំណាក់សាលាខណ្ឌ៧មករា។ ពេលជនរងគ្រោះចេញមកយកម៉ូតូ ស្រាប់តែបាត់ខណៈនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលវាល់វង់ រួចបានបន្តិច ក៏ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានយកម៉ូតូមកប៉ុស្តិ៍ពេលនោះ ម្ចាស់ម៉ូតូស្គាល់ថា ជាម៉ូតូរបស់គាត់ដែលបាត់។
ប្រភពបន្តថា រហូតមកដល់វេលាម៉ោង១១៖៣០ថ្ងៃដដែល នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ៧មករា ក៏បានធ្វើការស្រាវជ្រាវ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត រួមមានកាំបិត ដាវសាមូរ៉ៃមួយ និងដែកសម្រាប់កាចកម៉ូតូផងដែរ៕
មតិយោបល់