ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី The Voice Kids ផ្ទុះការរិះគន់កាន់តែខ្លាំង ដូចបាយពុះ

ខណៈដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលគួរតែទទួលបាននូវការចាប់អារម្មណ៍ និងការសរសើរនោះ បែរជាមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី ក្រោយបញ្ចប់ការប្រលងវគ្គពាក់ផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៧ តុលាទៅវិញ។

អ្នករិះគន់ច្រើនឡើងបានវាយប្រហារទៅលើកម្មវិធីទាំងមូល វាយប្រហារទៅលើសុគន្ធ និសា ដែលជាគ្រូបង្វឹក និងវាយប្រហារទៅលើបេក្ខជនពេជ្រ ថៃ ដែលទទួលបានសំឡេងឆ្នោតខ្ពស់ជាងគេ និងបានទាំងស្នើអោយកម្មវិធីមួយនេះ ប្ដូរឈ្មោះថា ការប្រលងច្រៀងបែបកំប្លែងវិញនោះផង។
សំលេងរិះគន់ដែលគេបានឮសឹងតែផ្ទុះ បណ្ដាញហ្វេសប៊ុកនាពេលនេះ គឺរិះគន់ចំពោះតារាចម្រៀង សុគន្ធ និសា ដែលជ្រើសកុមារី ណូ ឈួស៊ីវហេង អោយឡើងទៅប្រលងនៅវគ្គផ្ដាច់ព្រ័ត្រ ហើយបានទម្លាក់កុមារី អ៊ុក សុវណ្ណរី ក្នុងពេលដែលអ្នកម្នាក់ៗ បានយកវីដេអូប្រលងច្រៀង របស់អ្នកទាំងពីរមកប្រៀបធៀបគ្នា ហើយម្នាក់ៗសុទ្ធតែវាយតម្លៃថា ការជ្រើសរបស់សុគន្ធ និសា ជាការជ្រើសរើសដោយខ្វះការវិភាគ។

អ្នកលេងហ្វេសប៊ុកមិនតិចនោះទេ បានវាយតម្លៃថាការជ្រើសរើសរបស់តារាចម្រៀង សុគន្ធ និសា កើតឡើងដោយសារតែខ្វះការវិភាគ ទៅលើសមត្ថភាព និងថានោះជាការជ្រើសរើស ដែលបង្ហាញពីកំសោយរបស់នាង ក្នុងនាមជាគ្រូបង្វឹកម្នាក់។ បើទោះជាមានការបកស្រាយ យ៉ាងណាក៏ដោយ ក៏អ្នកលេងហ្វេសប៊ុកនៅតែអះអាងថា បេក្ខនារី អ៊ុក សុវណ្ណរី គួរតែបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងថាកុមារី ស៊ីវហេង មិនមានលក្ខណៈពិសេសណាមួយ ដែលនាងជ្រើសយក ហើយទម្លាក់អ៊ុក សុវណ្ណរី នោះទេ។ ម្នាក់ៗបានបង្ហាញការខកចិត្ត ចំពោះការសម្រេចចិត្តនេះ ស្ទើរតែគ្រប់អ្នករិះគន់ ដោយក្នុងចំណោមនោះ ក៏មានអ្នកមិនពេញចិត្តចំពោះនាងក្នុងតួនាទីជា គ្រូបង្វឹកក្នុងកម្មវិធីដ៏ធំនេះផង។

មិនខុសពីសុគន្ធ និសា ឱកាសបានឡើងរបស់កុមារ ថៃ ពេជ្រ ក៏ត្រូវគេរិះគន់ ដូចបាយពុះផងដែរ ដោយអ្នករិះគន់ទាំងនោះ បានបង្ហោះវីដេអូរបស់ពេជ្រថៃ មកប្រៀបធៀបនឹងបេក្ខជនផ្សេងទៀត ហើយថាអ្នកដែលបោះឆ្នោតអោយជាប់ គឺបោះអោយដោយសម្អាងលើភាពក្រមិចក្រមើម និងការលេងសើចរបស់ក្មេង តែមិនបានសំឡឹងមើលពីទឹកដមសំឡេង។ ម្នាក់ៗនិយាយថាពេជ្រ ថៃ គ្មានការបន់បែនសំឡេងនោះទេ ដោយការច្រៀងរបស់គេក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ភ្លៀវៗភ្លេងដោយភ្លេង សំឡេងដោយសំឡេង និងថាច្រៀងកាន់តែយូរកាន់តែពិបាកស្ដាប់នោះផងដែរ។ ក្នុងនោះក៏មានការលើកឡើងថា ពេជ្រ ថៃ បានជាប់ទៅកាន់វគ្គបន្ត មិនប្រាកដថាដោយសារ តែការបោះឆ្នោតនោះទេ ដោយសារតែសារបោះឆ្នោត មិនត្រូវបានបង្ហាញជាសាធារណៈ។

អ៊ីចឹងហើយទើបអ្នករិះគន់បានងាកទៅរិះគន់កម្មវិធីវិញ ដោយថាកម្មវិធីមួយនេះ អោយពេជ្រ ថៃ ជាប់ គឺដោយសារតែគេមានប្រជាប្រិយភាព កាលពីដើមកម្មវិធី ហើយមិនធ្វើការវិភាគលើទឹកដមសំឡេង។ មនុស្សភាគច្រើនសុទ្ធតែលើកឡើងថា ពេជ្រ ថៃ មិនសមបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងថាបើបន្តអោយក្មេងនេះ ជាប់ជាម្ចាស់ពានទៀត គឺគួរតែប្ដូរពីកម្មវិធី The Voice Kids ដែលសំដៅលើសំឡេងល្អ ទៅជាកម្មវិធីប្រលងកំប្លែងដោយសំដៅលើភាពក្រមិចក្រមើមវិញទើបសម។ មកទល់ពេលនេះ ការរិះគន់ត្រូវគេឃើញចែកចាយដូចបាយពុះ ប៉ុន្តែក្រឡេកទៅមើលសុគន្ធ និសា និងអ្នករៀបចំកម្មវិធី មិនមានប្រតិកម្មយ៉ាងណាទេ!

មតិយោបល់