ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់កម៉ូតូសមត្ថកិច្ចចាប់វាយខ្នោះ!

ភ្នំពេញ: ជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មជិះម៉ូតូមួយគ្រឿងជួបនិងកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារដាក់ត្រួតពិនិត្យចាប់មួកកញ្ចក់និងម៉ូតូកែច្នៃធ្វើការឃាត់ខ្លួនឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួននិងដកហូតម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៧ នៅចំណុចស្ពានទី១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ១-ឈ្មោះ ប្រាក់ មករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។ និងទី២-ឈ្មោះ ឆៃ នាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1U-0535។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួនពួកគេទាំង២នាក់កម្លាំងចម្រុះរបស់អធិការដ្ឋានខណ្ឌជ្រោយចង្វារបានដាក់គោលដៅត្រួតពិនិត្យចាប់មួកកញ្ចក់និងឃាត់ម៉ូតូកែច្នៃគ្រប់ប្រភេទ ខណ:ដែលកំពុងត្រួតពិនិត្យក៏ឃើញជនសង្ស័យទាំង២នាក់ជិះមួយគ្រឿងតាមផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូងគ្មានពាក់មួកសុវត្តិភាព២នាក់សមត្ថកិច្ចបានឃាត់ឲ្យឈប់ម៉ូតូ។

ប្រភពដដែលបន្តថា ខណ:ដែលមកដល់កន្លែងសមត្ថកិច្ចត្រួតពិនិត្យនោះពួកគេបានបើកម៉ូតូឈប់អែបចិញ្ចើមផ្លូវផ្នែកខាងស្តាំរួចពួកគេទាំង២នាក់រត់ចោលម៉ូតូ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចកំពុងឈរគោលដៅនោះបាននាំគ្នាដេញតាមចាប់ជនសង្ស័យទាំង២នាក់និងឆែកឆេររកឃើញដែកអក្សរតេសម្រាប់កាច់កម៉ូតូមួយនិងស្លាកលេខម៉ូតូមួយដែលមានលេខសៀមរាប1O-8392 ទូរសព្ទ៣គ្រឿងនិងដកហូតម៉ូតូដែលជនសង្ស័យជិះមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនិងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់