ការធ្វើពិសោធន៍សាកល្បងលើការផលិតស្រូវជលសារ និងផ្ការំដួលរបស់កសិករ នៅភូមិនារា ឃុំឈើទាល ស្រុកស្វាយជ្រុំគឺធ្វើឡើង បន្ទាប់មកឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ច័ន្ទ សារុនអនុប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ អញ្ជើញពិនិត្យការងារប្រព័ន្ធកសិកម្មចម្រុះដែលអនុវត្តជាកញ្ចប់បច្ចេកទេស ដែលរួមមានដំណាំបន្លែរួមផ្សំ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការប្រើប្រាស់ឡជីវៈឧស្មន័ និងការធ្វើស្រូវសាកល្បងលើពូជស្រូវស្រាលចំនួន៨មុខដែល៦មុខយកពីវិទ្យាស្ថានជាតិស្រាវជ្រាវពូជ (IRRI)និង២មុខទៀតគឺជ្រើសយកពូជស្រូវជលសារនិងស្រូវរំពេរដើម្បីពិសោធន៍រកពូជស្រូវស្រាលបន្ថែមទៀតតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មលើដំណាំស្រូវ ។
តាមការបញ្ជាក់ពី លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានឲ្យដឹងថា គិត ត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៥ ស្រូវវស្សាបានអនុវត្តលើផ្ទៃដីសរុប ១៦៦,៥០០ហិកតា ស្មើនិង ១០០,៧០ភាគរយ បានច្រូតកាត់ប្រមូលផ្ទៃដីសរុប ១៦៤,៣២២ហិកតា ស្មើនិង ៩៧ភាគរយនៃផែនការដែលទិន្នផលជាមធ្យម ២.៦៥០គីឡូក្រាម ចំពោះស្រូវរដូវប្រាំងសរុបអនុវត្តលើផ្ទៃដី ១៨.១៣២ហិកតា ស្មើនិង៩៦,២៧ភាគរយនៃផែនការដំដុះ ២០.០០០ ហិកតា។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ច័ន្ទ សារុន បានណែនាំសូមឲ្យប្រជាកសិករសូមឲ្យអនុវត្តប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ និងជ្រើសរើសពូជដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឲ្យប្រើប្រាស់សម្រាប់នាំចេញរួមមាន៖ ពូជស្រូវស្រាលមិនប្រកាន់រដូវពូជសែនពិដោរ ជលសារ និងIR66 ពូជស្រូវកណ្តាលប្រកាន់រដូវមានពូជស្រូវផ្ការំដួល ផ្ការំដេង ផ្ការមៀត និងស្រូវផ្កាច័ន្ទសែនសរ ពូជស្រូវធ្ងន់ប្រកាន់រដូវ មានពូជរាំងជ័យខា៤ និងពូជខា៦ ដែលពូជស្រូវផ្ការំដួល និងផ្ការមៀតជាពូជស្រូវប្រណិតរបស់កម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក រយៈពេល៣ឆ្នាំជាប់ៗគ្នាថាអង្ករដែលមានឳជារសឆ្ងាញ់ពិសារ។
– ឯកឧត្តមបន្ថែមថា ការទាញយកប្រភពចំណូល ពីរបរកសិកម្ម ពុំមែនមានតែដំណាស្រូវតែមួយមុខនោះទេ ផ្ទុយទៅវិញបច្ចេកទេសប្រព័ន្ធកសិកម្មចំរុះ ដូចជាការដាំដំណាំបន្លែ ផ្លែឈើហូបផ្លែ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើម ជាប្រភពចំណូលដែលទទួលបានផល ចំណេញឆាប់និង ប្រើប្រាស់រយៈពេលខ្លីព្រមទាំងអាចផ្គត់ផ្គង់អាហារូបត្ថម្ភក្នុងក្រុមគ្រួសាររបស់យើងជាប្រចាំនិង ផ្គត់ផ្គង់ទៅទីផ្សារទៀតផងដូចនេះសូមជៀសវាងការធ្វើស្រែដើម្បីលក់ស្រូវតែមួយមុខ។
ឯឧ ក៏សូមឲ្យកសិករគួរមូលមតិគ្នានិងចងក្រងជាសហគមន៍កសិករផលិតពូជតែមួយដើម្បីមានកំលាំងក្នុងការកំណត់ថ្លៃលើទីផ្សារជាជាងការកំណត់ថ្លៃដោយឈ្មួញនិងគួរចាប់ផ្តើមស្វែងយល់រៀនពីពិធីសង្ងួតស្រូវដើម្បីលក់ចេញ ជាពិសេសត្រូវមាន ចង្រ្កងទុកដាក់ស្រូវឲ្យបានសមរម្យលំនៅដ្ឋាន ៕
ព័ត៌មានជាតិ
មតិយោបល់