សៀមរាបៈ លោកវរសេនីយ៍ទោ ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់២នាក់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង១០នាទីយប់ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវប្រសព្វផ្លូវជាតិលេខ៦ និង ផ្លូវជាតិលេខ ៦៨ថ្មី កែងអក្សរតេ (T) ស្ថិតក្នុងភូមិ កំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះដែលជិះម៉ូតូមានឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៦១ឆ្នាំ (ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់) ស្នាក់នៅភូមិ កំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែករថយន្តបង្កមានគ្នា៣នាក់ ទីមួយឈ្មោះ ឡាយ ចិត្រា ហៅប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ (ជាអ្នកបើកបររថយន្ត) ស្នាក់នៅភូមិ ភ្នំលៀបខាងលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់),ទី២ឈ្មោះ ឈួង វ៉ាន់ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នករួមដំណើរ) ស្នាក់នៅភូមិ ភ្នំលៀបខាងលិច ឃុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ (ស្លាប់)។ រថយនបង្កម៉ាក កាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6782។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ1N-4939 (ស្លាប់) បើកបរពីទិសខាងកើត ទៅទិសខាងលិចដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និង អ្នករួមដំណើរក្នុងរថយន្ត បានស្លាប់នៅនិងកន្លែងតែម្តង។ ចំពោះរថយន្តបានរ៉េចង្កូតធ្លាក់ទឹក អ្នកបើបររថយន្តរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបានជួយសង្គ្រោះអូសចេញពីក្នុងរថយន្ត បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូ បានយកមករក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់