ភ្នំពេញៈ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់បញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យភ្លាមៗ ក្រោយពីបានបើកបរម៉ូតូបុកគ្នាពេញទំហឹង។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងត្បូងនឹងកងពលតូចលេខ៧០ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញភាគីទាំងសងខាងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នាដោយភាគីខាងម៉ូតូហុងដាឌ្រីមឆ្នាំ២០១១ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1J-5734 បើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ណាណធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតស៊េរីហុងដាឌ្រីមដូចគ្នាឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CF-8973 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នា ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់កន្លែងកើតហេតុបានឆ្លងមកខាងឆ្វេងដៃ ក្នុងបំណងចង់ឆ្លងផ្លូវ តែឆ្លងមិនទាន់ផុតផងក៏បានវាក់អឺគ្នាបុកយ៉ាងពេញទំហឹងតែម្តងទើបបណ្តាលឲ្យភាគីទាំងសងខាងដួលបោកខ្លួនទៅនឹងផ្លូវរងរបួសធ្ងន់ទាំងសងខាង។ រីឯសម្ភារៈរងការខូចខាតយ៉ាងខ្លាំងផងដែរ។ ដោយឡែកជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះបន្តនៅឯមន្ទីពេទ្យបង្អែកភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ដោយសារភាគីទាំងសងខាងរងរបួសធ្ងន់ ទើបកម្លាំងជំនាញចរាចណ៍ផ្លូវគោកធ្វើការវាស់វែងដើម្បីយកទៅរក្សាទុកចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕
https://youtu.be/AzCkTXGTU_U
មតិយោបល់