ព័ត៌មានជាតិ

បាឡែនបើកលឿនទៅបុកហ៊ីយ៉ាន់ដាយ លាន់ដូចរន្ទះ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរង ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តការីមបាឡែននិងរថយន្តដឹកឥដ្ឋ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២១២-២១៣ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក ការីមបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S-3447 បើកបរដោយឈ្មោះ ដូ វ៉ាន់ ទៀន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ B8900066 មុខរបរ កម្មកររោងចក្រហុកជូ មានអ្នករួមដំណើរលើចំនួន ២នាក់៖ ទី១ឈ្មោះ ងូយឿង ថៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករ និងទី២ឈ្មោះ ដូវ៉ាន់ តិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករ អ្នកទាំង៣ស្នាក់នៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះមក ភ្នំពេញ (ចេញពីហូបចុកនៅម្តុំរង្វង់មូលតោ) លុះដល់ចំណុចខាងលើផ្លូវកោងក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃបុកពីចំហៀងរថយន្តដឹកឥដ្ឋ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-8654 ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យឈ្មោះ ដូវ៉ាន់ ទៀន ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បច្ចុប្បន្នត្រូវបាន បងប្រុសបង្កើត និងក្រុមហ៊ុន ហុកជូ លន យកទៅធ្វើបុណ្យនៅប្រទេស វៀតណាម និងឈ្មោះ ងូយឿង ថៃ រងរបួសស្រាល បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។

ចំណែកអ្នកបើកបររថយន្តដឹកឥដ្ឋ រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងរថយន្តទាំង២គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់