ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ ពេជ្រ ក្លាយជាតារាចម្រៀងហង្សមាសពេញសិទ្ធិ ទាំងគេរិះគន់កក្រើកជាថ្មី

បើទោះជាមានសំឡេងរិះគន់យ៉ាងភ្លូកទឹកភ្លូកដី ក៏បេក្ខភាពថៃ ពេជ្រ មកពីខេត្តបាត់ដំបង នៅតែបានកាន់ពានThe Voice Kids Cambodia រដូវកាលទី១ និងបានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ហង្សមាសដោយស្វ័យប្រវត្តិ ក្រោមហេតុផលថាមានអ្នកបោះឆ្នោតឲ្យភាគច្រើននៅទូទាំងប្រទេស។ នេះជាជ័យលាភីដ៏កម្ររបស់កុមារកម្ពុជា តែក៏ជាការរិះគន់មួយដ៏ធ្ងន់ដែលហង្សមាសទទួលបាន បន្ទាប់ពីហង្សមាសក៏ត្រូវគេរិះគន់ឡើងផ្អើលរួចមកហើយ ក្រោយជ្រើសយកម្ចាស់ពាន Cambodia Got’s talents ជាជនពិការភ្នែកកាលពីមុនរួចមកហើយ។

យោងតាមការប្រកាសបើទោះជាបេក្ខភាពThe Voice Kids រដូវកាលទី១ទើបតែមានវ័យក្រោម១៤ឆ្នាំ ដែលមិនទាន់មានទឹកដមសំឡេងពេញលេញដូចមនុស្សជំទង់ ឬពេញវ័យ ក៏ម្ចាស់ពានរូបនេះនឹងក្លាយជាតារាមច្រៀងវ័យក្មេងដំបូងគេរបស់កម្ពុជាប្រចាំផលិតកម្មធំហង្សមាស ដោយប្អូននឹងមានបទផ្ទាល់ខ្លួនចេញលក់មិនខុសគ្នាពីបេក្ខភាពដែលជម្រើសបានពីការប្រឡងចម្រៀងជាយុវវ័យដែលហង្សមាសធ្លាប់បានរៀបចំ។

ហង្សមាសប្រកាសថាម្ចាស់ពាន The Voice Kids ដែលទើបប្រកាសឡើងនេះ នឹងក្លាយជាតារាចម្រៀងកុងត្រាស្វ័យប្រវត្តិរយៈពេលមួយឆ្នាំតែម្ដង ដោយខាងអ្នករៀបចំកម្មវិធីរំពឹងយ៉ាងខ្លាំងថាតារារះថ្មីវ័យក្មេងរូបនេះ នឹងល្បីឈ្មោះមិនធម្មតានោះផង ដោយសារតែមុនប្រកាសថាបានកាន់ពានក៏ទទួលបានការគាំទ្រខ្លាំងក្លារួចទៅហើយពីសំណាក់អ្នកគាំទ្រ។

បេក្ខភាពមិនទាន់ពេញវ័យរូបនេះ នឹងធ្វើឲ្យThe Voice Kids ពិភពលោកមានការភ្ញាក់ផ្អើល ហើយកោតសរសើរ ថ្វីដ្បិតថាក្នុងចំណោមអ្នកគាំទ្រក៏មានអ្នកមិនពេញចិត្តក្រោយការកាន់ពានរបស់គេ។ យ៉ាងណាមិញ ផ្អែកតាមការបញ្ចេញសមត្ថភាពគឺម្ចាស់ពានច្រៀងបានពីរោះទាំងវគ្គច្រៀងបទចម្រៀងម្នាក់ឯង និងវគ្គបកស្រាយបទចម្រៀងជាមួយគ្រូបង្វឹកក៏ស៊ីសង្វាក់បានល្អ ដែលសមនឹងទទួលបានសំឡេងបោះឆ្នោតនាំមុខគេ ហើយធ្វើជាម្ចាស់ពាន។

ក្នុងនោះសូម្បីតែការស្លៀកពាក់ និងស្ទីលក្នុងពេលច្រៀង ក៏ល្អមិនដូចពេលប្អូនបានបង្ហាញខ្លួននៅក្នុងសប្ដាហ៍កន្លងទៅផងដែរ។
តែគេនៅតែចោទថាពេជ្រ ថៃ ច្រៀងបានល្អនៅយប់ចុងក្រោយនោះ គឺដោយសារតែហង្សមាសដាក់បទឲ្យច្រៀងត្រូវសំឡេងខុសពីបេក្ខជនបេក្ខនារីជាវ័យក្មេងឯទៀត ដើម្បីឲ្យសមជាអ្នកកាន់ពាន។

ក្រឡេកទៅមើលប្រាក់រង្វាន់ ម្ចាស់ពានThe Voice Kids វ័យក្មេងរូបនេះ មិនចាញ់ម្ចាស់ពានជាមនុស្សពេញវ័យនោះទេ ដោយក្រៅពីទទួលបានឱកាសក្លាយជាតារាចម្រៀងកុងត្រា ក៏ទទួលបានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងអាហារូបករណ៍សរុបជាប្រាក់១០០លានរៀលពីកម្មវិធី ទទួលបាន៣ពាន់ដុល្លារពីសម្ដេចនាយករដ្ឋមន្ត្រី ១០លានរៀលពីក្រុមដែលឧបត្ថម្ភ និងទទួលបានសម្ភារៈសរុបជាទឹកប្រាក់ប្រមាណ១៥០០ដុល្លារផ្សេងទៀតយ៉ាងកាលីបផងដែរ ខណៈដែលអ្នកធ្លាក់ចំនួន៥រូបទទួលបានត្រឹមតែ៣ពាន់ដុល្លារពីនាយករដ្ឋមន្ត្រី និង១៥០០ដុល្លារពីអ្នករៀបចំកម្មវិធី៕

មតិយោបល់