ព័ត៌មានជាតិ

ឃើញដើរតែម្នាក់ឯង សមត្ថកិច្ចមានការសង្ស័យហៅឲ្យឈប់ឆែកឆេរនិងសួរនាំទើបធ្លាយរឿង

ភ្នំពេញ: ជនសង្ស័យម្នាក់បន្លំចូលលួចទូរសព្ទមួយគ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួន ខណ:ដែលឃើញដើរតែម្នាក់ឯង សមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់សួរនាំនិងឆែកឆេរឃើញទូរសព្ទមួយគ្រឿងក៏បែកធ្លាយរឿងថាលួចទូរសព្ទជាងសំណង់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី ៣ ភូមិបាក់ទូក សង្កាត់ ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វ៉ា មិនា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកជនរងគ្រោះម្ចាស់ទូរសព្ទឈ្មោះ ចាន់ ភួង ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅការដា្ឋនសំណង់កើតហេតុខាងលើ ទូរសព្ទដែលជនសង្ស័យម៉ាកសាំស៊ុង ពណ៌ខៅ្ម ស៊េរីចាស់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនកម្លាំងនគរបាលខណ្ឌឫស្សីកែវបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការជិះល្បាតនៅក្នុងមូលរដ្ឋានក៏ឃើញជនសង្ស័យដើរម្នាក់ឯងមានការសង្ស័យហៅឲ្យឈប់ឆែកឆេរកឃើញទូរសព្ទមួយគ្រឿងម៉ាកសាំស៊ុងជាប់នឹងខ្លួន។
ក្រោយឆែកឆេររកឃើញរួចជនសង្ស័យខាងលើបានសារភាពថាទូរសព្ទនោះគឺរូបគេលួចពីក្រុមជាងសំណង់នៅក្បែរនោះហើយត្រូវសមត្ថកិច្ចបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីសាកសួរបន្ត។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់