ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបុរស០២នាក់ទៀត រងរបួសស្រាល

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៥២នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀត រងរបួសស្រាល

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខភ្នំពេញ 2AU-9960 បើកបរពីលិចទៅកើត បើកដោយឈ្មោះ ទុយ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូធុនវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្ដោងរ៉ឺម៉កដឹកផ្លែស្វាយ បើកពីកើតទៅលិចបណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ឈ្មោះ គឹមអាន កែវឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយចំនួន ០២នាក់ ១-ឈ្មោះ ឯក គឹមអាន ភេទប្រុស អាយុ៧៩ ឆ្នាំត្រូវជាឪពុក (រងរបួសស្រាល) ២-ឈ្មោះ ណុប ហ៊ុន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងដែរថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាមិនប្រកាន់ស្តាំ ។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ទៅឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការទៅតាមនីតិវិធី ៕

 

មតិយោបល់