ភ្នំពេញៈ ដូចពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត ប៉ុន្តែយុវជនម្នាក់នេះវិញបែជារពឹសដៃចូលទៅក្នុងរថយន្តបន្លំលួចយកសម្ភារៈក្នុងកាបូប តែមិនបានសម្រេចត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់ឲ្យប៉ូលិសដាក់ខ្នោះល្មម។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៦៨ ផ្លូវ១៩៥៨ ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជិប វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំ ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកដើមបណ្តឹងឈ្មោះ ច័ន្ទ ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជានគរបាល ស្នាក់នផ្ទះលេខ៦៨ ផ្លូវ១៩៥៨ ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ច័ន្ទ ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជានគរបាល បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានថយ រថយន្តរបស់គាត់មួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8425 ចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះ មិនទាន់ទាំងចុះចេញពីរថយន្តផង ស្រាប់តែជនសង្ស័យមិនដឹងមកពីណា បានបើកទ្វារថយន្តផ្នែកខាងឆ្វេងចូលអង្គុយនិងលួចយកកាបូបខាងលើភ្លាមៗគាត់បានស្ទុះចេញពីរថយន្តនិងបានឡុកសោ ហើយចាប់បានជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
មតិយោបល់