Post News Media ព័ត៌មានជាតិ ម៉ូតូ១គ្រឿង ប...

ម៉ូតូ១គ្រឿង បើកក្នុងលឿនមិនប្រយ័ត្ន ក៏រ៉េចង្កូតទៅបុករថយន្ត ស្លាប់ភ្លាមៗនៅនឹងកន្លែង

តាកែវ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងម៉ូតូ បុកនឹងរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ស្ថិតនៅលើផ្លូវជាតិលេខ២ ភូមិក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះប៊ូ ឆក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡាន ស្នាក់នៅភូមិកលគាំ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ​ បានបើករថយន្តម៉ាក សុាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ២A ១០៥០ និងជនរងគ្រោះឈ្មោះអ៊ូច បៀន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរកសិករ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ក្រហម ស៊េរី២០១៦ ពាក់ផ្លាកលេខតាកែវ 1A -3805។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូ ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ភាគីម៉ូតូបានបើកបរយ៉ាងលឿន ក៏រ៉េចង្កូតទៅបុករថយន្តពេញមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែកឯភាគីខាងរថយន្ត បានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដកហូតយក វត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកឯសាកសពវិញ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕