ព័ត៌មានជាតិ

ដងព្រែកកំពតកំពុងរងនូវការបំពុលបរិស្ថាន មន្ត្រីជំនាញថាកំពុងមានគំរោងដោះស្រាយ

កំពតៈ ដងព្រែកកំពតដែលជាកន្លែងទីប្រជុំជនលំហែកាយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងរងនូវការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែពុំទាន់មានដំណោះស្រាយពីអាជ្ញាធរឬ ជំនាញឡើយ។

បើយាងតាមការអង្កេតបានបង្ហាញថា ការបំពុលទឹក និងបរិស្ថាននៅដងព្រែកកំពត គឺបានកើតចេញ ពីការរីករាលដាលនៃសំណង់អាណាធិបតេយ្យដែលសង់តាមដងព្រែក ភោជនីយដ្ឋាន ពិសេសគឺការបង្ហូរកាកសំណល់កខ្វក់ចូលទឹកតែម្តង។

តាមការអង្កេតបង្ហាញថា តាមផ្ទះរបស់ពលរដ្ឋដែលសង់តាមដងព្រែក ពុំទាន់មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់នៅឡើយ គឺផ្ទះដែលគ្មានបង្គន់ពួកគាត់បានយកទីតាំងព្រែកនេះជាកន្លែងបញ្ចេញកាកសំណល់ផ្សែងៗ បូករួមទាំងលាមកផងក៏ត្រូវបានពួកគាត់បន្ទោបង់ទំលាក់ក្នុងទឹកដែរ សូម្បីតែទូកដឹកមនុស្សកំសាន្តក៏ពុំបានទុកដាក់កាកសំណល់អោយបានត្រឹមត្រូវផងដែរ។ តាមការអង្កេតក៏បានបង្ហាញថា មានប្រព័ន្ធលូបង្ហូរកាកសំណល់ឬហៅថាលូទឹកស្អូយ ជាង១០កន្លែង ត្រូវបានគេបង្ហូរចូលក្នុងព្រែកតែម្តង រួមបញ្ចូលទាំងកាកសំណល់សំរាមថែមទៀតបាន បង្កអោយដងព្រែកកំពត កាន់តែមានភាពកខ្វក់ទៅៗ ក្នុងមួយថ្ងៃៗ។

ពលរដ្ឋដែលកំពុងតែដើរហាត់ប្រាណលំហែរកាយនៅតំបន់មាត់ព្រែកខាងលើបានសំដែងនូវការអន់ចិត្តចំពោះក្លិនស្អុយរបស់ព្រែកកំពត គាត់ក៏បានស្នើរអោយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ មេត្តាគិតគួរពីបញ្ហានេះឡើងវិញ ព្រោះដើម្បីការពារភាពស្រស់ស្អាតរបស់ដងព្រែកអោយបានល្អជាងនេះ។

ជាមួយគ្នានេះ លោក អ៊ុ ស៊ីជេន ជានិស្សិតមួយរូបដែលធ្លាប់តែ នាំគ្នាមកអង្គុយលេងនៅទីនេះ បានយល់ឃើញថា បញ្ហាបំពុលបរិស្ថាន ឬទឹកព្រែកគ្មានអនាម័យនេះ ពុំមែនកើតឡើងដោយសារតែលូបង្ហូរទឹកស្អុយ ឬសំណង់លើទឹកប៉ុណ្ណោះទេ វាថែមទាំងបណ្តាលមកពីការចោលសំរាមក្រៅធុងរបស់ពលរដ្ឋនិងភ្ញៀវទេសចរណ៍បន្ថែមទៀត ជាហេតុធ្វើអោយឆ្នេរព្រែកកាន់តែមានបរិយាកាសមិនល្អ។

ទាក់ទងនិងការបង្ហូរកាកសំណល់និង ចោលសំរាមគ្មានអនាម័យបែបនេះ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានមានប្រសសថា ដងព្រែកកំពតពិតជាកំពុងរងនូវផលប៉ះពាល់បរិស្ថានដូច្នេះមែន តែមន្ត្រីជំនាញបាននឹងកំពុងមានដំណោះស្រាយជាបណ្តើរៗលើបញ្ហានេះ លោកប្រធានមន្ទីរបរិស្ថានបញ្ជាក់ថាកន្លងមក ប្រព័ន្ធបង្ហូរកាកសំណល់ចូលទឹកមានចំនួន១៤ខ្សែ ដែលជាលូបន្សល់ទុកតាំងពីជំនាន់បារាំងមកម្លេះ តែបច្ចុប្បន្នយើងបានសង់អាងស្តុកកាកសំណល់ដើម្បីជម្រោះទឹកបានចំនួន២ខ្សែរហើយ នឹងមានគម្រោងសាងសង់អាងចម្រោះជាបន្តទៀត ដើម្បីលុបបំបាត់ការបំពុលបរិស្ថានព្រែកកំពត និងឈានទៅរកភាពស្អាត មានអនាម័យនាពេលដ៏ខ្លីខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាក្លិនស្អុយនៅដងព្រែកនេះ ត្រូវតែមានការចូលរួមពីពលរដ្ឋទើបបានលទ្ធផលល្អ ពិសេសបងប្អូនដែលកំពុងសង់ផ្ទះរស់នៅមាត់ទឹក គួរតែនាំគ្នាសង់បង្គន់អានាម័យប្រើប្រាស់ និងទុកដាក់កាក់សំណល់អោយល្អជាងនេះ បើមិនដូច្នោះទេការយកចិត្តទុកដាក់របស់អាជ្ញាធរក៏ពុំអាចសម្រេចបានគោលដៅល្អឡើយ៕

https://youtu.be/Jk0U1tpYFWI

មតិយោបល់