បន្ទាប់ពីបានប្រកាសចេញស្មាតហ្វូន U Ultra ក្នុងខែមករា និង U11 ក្នុងខែឧសភារួចមក ក្រុមហ៊ុន HTC ត្រូវគេជឿថា កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញចេញស្មាតហ្វូនស៊េរីថ្មីលំដាប់កំពូលបង្អស់របស់ខ្លួនសម្រាប់ឆ្នាំ ២០១៧ គឺ U11 Plus ឬបើមិនដូច្នេះ គឺ U11 Life។
យោងតាមលិខិតអញ្ជើញដែលក្រុមហ៊ុនទើបចែកជូនទៅដល់ភាគីពាក់ព័ន្ធ ដែលមានរំលេចនូវតួអក្សរ U មួយដ៏ធំ បានបង្ហើបឱ្យដឹងថា HTC នឹងមានអ្វីថ្មីដ៏ពិសេស មកបង្អួតពិភពលោក នៅថ្ងៃទី ០២ វិច្ឆិកា នាទីក្រុងតៃប៉ិ។
បើតាមការរំពឹងទុក នាសន្និសីទសារព័ត៌មាននោះ ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ នឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនម៉ូឌែល U11 Life ឬ U11 Plus ដែលបានបែកធ្លាយព័ត៌មានចចាមអារ៉ាមកន្លងមក ហើយក្នុងនោះ U11 Plus ត្រូវគេជឿថា នឹងក្លាយជាស្មាតហ្វូនដ៏មានថាមពល និងអេក្រង់ធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន។
សូមរំឭកថា យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក U11 Plus នឹងបំពាក់អេក្រង់ទំហំ ៥.៩៩ អីុញ ប្រើមាត្រដ្ឋាន 2:1 បំពាក់បច្ចេកវិទ្យា Full Active ពីក្រុមហ៊ុន Japan Display Inc. (JDI) ដែលជួយកាត់បន្ថែមកម្រាស់គែមអេក្រង់ និងបន្ថែមកម្រិតបញ្ចាំងរូបភាពដល់ ២៨៨០x១៤៤០ ភិចសែល។
ក្រៅពីនេះ វានឹងប្រើបន្ទះឈីប Snapdragon 835 អមដោយ RAM ទំហំ ៦ ជីហ្គាបៃយ មេម៉ូរីម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ និងមុខងារច្របាច់គែមដូច U11 ហើយនឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Oreo ចេញពីប្រអប់តែម្តង។
ចំណែក U11 Life នឹងមានទំហំអេក្រង់តូច និងសមត្ថភាព Hardware ទាបជាង ប៉ុន្តែ មានមុខងារច្របាច់ និងដើរលើ Android ជំនាន់ចុងក្រោយបង្អស់ដូចគ្នា៕
ប្រភពព័ត៌មានៈ pocketnow
មតិយោបល់