កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៨:០០នាទីមានករណីគំរាមកំហែងថានឹងសម្លាប់ចំណុចកើតហេតុភូមិ ស្រុកចេក ឃុំ បឹងខ្យាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ចន ស្រីម៉ៅ ភេទ ស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ស្រុកចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កាត់ដេរនៅផ្ទះ។
ជនសង្ស័យឈ្មោះ ធួន សុខពៅ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ស្រុកចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ដាវដែកប្រវែង ០១ ដើមប្រវែង ៧៨សង់ទីម៉ែត្រ។
កន្លងមកជនសង្ស័យបានផឹកស្រាស្រវឹងឡូឡារករឿងគំរាមកំហែងថានឹងសំលាប់ជនរងគ្រោះជាញឹកញាប់ ។ នៅថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ជនសង្ស័យបានមកពីផឹកស្រាវិញ ហើយបានប្រើអោយប្អូនប្រុសរបស់ ជនរងគ្រោះឈ្មោះ យុទ្ធ អាយុ ១១ឆ្នាំ អោយទៅទិញ គ្រឿងញៀនអោយខ្លួនជក់ ពេលនោះម្តាយជនរងគ្រោះបានតបថា កូនរបស់អញមិនមែនជាអ្នកទិញគ្រឿងញៀនទេ បើចង់ជក់ទៅទិញខ្លួនឯងទៅ រួចជនរងគ្រោះបានតបថា ម៉ែឯងចូលចិត្តជ្រលក់មាត់ជាមួយមនុស្សចឹងម្លេះ ពេលនោះជនសង្ស័យបានធាក់ទ្វារលើផ្ទះ រួចដើរទៅបើកវាំងនន ដោយកាន់ដាវនៅក្នុងដៃ ហើយបានស្រែកគំរាមជនរងគ្រោះថាសំដីងែងខ្លាំងម្ល៉េះ អញនឹងកាប់ងែងអោយងាប់ ភ្លាមនោះជនរងគ្រោះបានស្រែកប្រាប់ម្តាយ រួចរត់ទៅប្តឹងមេភូមិ មួយសន្ទុះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាងបានចុះទៅដល់កន្លែងកើតហេតុធ្វើការណែនាំជនសង្ស័យរួចបានដកដាវយកមករក្សាទុក។
លុះដល់ថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានមកពីផឹកស្រាស្រវឹងឡូឡា ហើយបានឡើងទៅលើផ្ទះជនរងគ្រោះ រួចបានយកបាវអង្ករបោះមកលើដី ហើយបាននិយាយថា ប៉ូលិសមិនហ៊ានធ្វើអ្វីអញទេ បើយប់នេះគ្មានអ្នកមកចប់អញៗនឹងសម្លាប់ទាំងម្តាយទាំងកូន លឺដូចនោះជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់