ព័ត៌មានជាតិ

បុរសស្រវឹងស្រាជោគជាំ បើករថយន្តបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ បាក់អស់ពីរកង់ រួចព្យាយាមបើករត់ តែ…

ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ មានបុរសស្រវឹងស្រាជោគជាំ ៣នាក់ បានបើករថយន្តយ៉ាងលឿន មកដល់ផ្លូវកែងបត់មិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ពីរកង់ រួចព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញតាមចាប់បានមកវិញ។

ហេតុការនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវSOS មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសស្រវឹងស្រាជោគជាំ ៣នាក់ បានបើករថយន្តគ្រឿង ម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-8143 តាមផ្លូវSOSទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវភ្នំពេញហាណូយ បានបួងចង្កូតបត់ស្តាំមិនផុត ក៏ជ្រុលចង្កូតទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ពីរកង់ ភ្លាមៗនោះម្ចាស់រថយន្តបង្ក បានព្យាយាមបើកត្រឡប់ក្រោយ ដើម្បីរត់គេចខ្លួនតាមផ្លូវSOS កែងនិងផ្លូវ១០១១ ជាប់និងក្រុមហ៊នPOP1 ប៉ុន្តែតែត្រូវបានកម្លាំងសមត្តកិច្ចដេញចាប់បានមកវិញផងដែរ ដោយហេតុការណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់