កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយនឹងរម៉កមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៧៧-៧៨ ក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺុ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2K-9581 អ្នកបើកបរឈ្មោះ សោម ហុង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានបុកជាមួយរឺម៉កមួយគ្រឿងទៀតដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យឈ្មោះ ហង់ ធី ភេទប្រុស អាយុ៣៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់២នាក់ ជាមនុស្សស្រី។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់