ព្រះវិហារៈ លោកវរសេនីយ៍ទោ គង់ គា អធិការក្រុងព្រះវិហារ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារកំពង់ប្រណាក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ទាំងកណ្តាលយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផ្សារកំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ គង់ គា បានបន្តថា អគ្គិភ័យនេះគឺបណ្តាលមកពីការទុស្សេចរន្តអគ្គិសនីចេញពីបង្គោលភ្លើងមួយកន្លែង ទើបបណ្តាលឲ្យឆេះរាលដាលដល់តូបលក់ដូរក្នុងផ្សារសរុបចំនួន១២តូប បើគិតជាទឹកប្រាក់អស់ជាង៥ម៉ឺនដុល្លារឯណោះ និងបានប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន៥ឡានផងដែរ ដោយមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំតែប៉ុណ្ណោះ៕
មតិយោបល់