ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ថ្មីៈ Apple កំពុងប្រឈមបញ្ហាធំបំផុតចំនួនពីរ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរពីរ ពាក់ព័ន្ធទៅនឹងការលក់ធ្លាក់ចុះនៃទូរសព្ទស៊េរីថ្មី iPhone 8 និង iPhone 8 Plus និងការផ្គត់ផ្គង់ iPhone X តាមតម្រូវការទីផ្សារមានការខ្សត់ខ្សោយ។

របាយការណ៍ថ្មីនេះ ធ្វើឡើងកាលពីសប្តាហ៍មុន ដោយក្រុមហ៊ុន Consumer Intelligence Research Partners ទៅលើអ្នកប្រើប្រាស់ចំនួន ៥០០ នាក់ បានបង្ហាញថា iPhone 8 និង 8 Plus មានការលក់ធ្លាលាក់ចុះខ្លាំង ធៀបទៅនឹង iPhone 6s និង 6s Plus។ ពោលគឺ iPhone ស៊េរីថ្មីទាំងពីរម៉ូឌែលលក់បានត្រឹមតែ ១៦% ប៉ុណ្ណោះ ក្នុងចំណោមការលក់ iPhone គ្រប់ម៉ូឌែល ក្នុងអំឡុងត្រីមាសចុងក្រោយ ខណ: iPhone 6s និង 6s Plus លក់បាន ២៤% ក្នុងអំឡុងត្រីមាសដូចគ្នា កាលពីឆ្នាំ ២០១៥។

ជុំវិញបញ្ហានេះ Apple ត្រូវគេរាយការណ៍ថា បានកាត់បន្ថយចង្វាក់ផលិតកម្មរបស់ iPhone ស៊េរី 8 នេះ ដល់ទៅ ៥០%។

ដោយឡែក សម្រាប់ iPhone X វិញ បើតាមអ្នកវិភាគដ៏ល្បីល្បាញមកពីក្រុមហ៊ុន KGI Securities គឺលោក Ming-Chi Kuo បានប៉ាន់ប្រមាណថា នឹងអាចផលិតចេញបានចំនួន ២-៣ លានគ្រឿងប៉ុណ្ណោះ សម្រាប់​ចែកចាយនៅលើទីផ្សារសកល ក្នុងសប្តាហ៍ដំបូង ខណ:​ iPhone 6s និង 6s Plus កាលពីចេញក្នុងសប្តាហ៍ដំបូង លក់បានរហូតដល់ទៅ ១៣ លានគ្រឿង។

ទោះយ៉ាងណា អ្នកវិភាគដដែលបាននិយាយថា Apple បានដោះស្រាយបញ្ហាយឺតយ៉ាវក្នុងការផលិតចេញនៃបន្ទះសៀគ្វី, Len របស់កាមេរ៉ា និង Dot Projector របស់ Face ID ដែលកំពុងរាំងស្ទះដល់ដំណើរការនៃចង្វាក់ផលិតកម្មរបស់ iPhone X។ លោក Kuo ជឿជាក់ថា នៅត្រីមាសទី ១ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ iPhone X លើទីផ្សារ នឹងប្រសើរឡើងវិញខ្លាំង៕

ប្រភពព័ត៌មាន: phonearena forbes

មតិយោបល់