ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ពីបទឆបោកតាមរយៈទូរសព្ទ (ធ្វើជាជួយឲ្យបានចូលក្របខ័ណ្ឌប៉ូលិសប្តូរជាមួយនឹងថវិកាជាថ្នូល)

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឆបោកតាមទូរសព្ទ ដោយកិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ចាម កើតហេតុនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ចំណុចវីងវេរលុយ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល។
ចំណែកជនសង្ស័យមានឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់សង្កាត់គីឡូ៦ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ (មិនពិតប្រាកដ) អ្នកសារព័ត៌មាន ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទី ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) បានទូរសព្ទមកឈ្មោះ ឱម សុផាត សុំឲ្យជួយជម្រុញប៉ុស្ដិ៍ឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឲ្យក្មួយ ចូលក្របខណ្ឌនគរបាល ក្រោយបន្តិចក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយឫនៅ? ហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា៖ មិនទាន់មានទេ ព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូល ធ្វើការងារនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ចូល ខ្ញុំយកតែ ១,៥០០ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌត្រូវចំណាយ ម្នាក់៣,០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។ ក្រោយមកខ្ញុំក៏បានផ្ញើរលុយចំនួន ១,៥០០ដុល្លារ តាមវីងនៅកំពង់ហ្លួងតាមរយៈលេខ ០១៧.៤២៩៣៩៦ សម្រាប់កូនខ្ញុំ។

ប្រភពបន្តថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខ្ញុំក៏ផ្ញើរលុយចំនួន២,៥០០ដុល្លារទៀតតាមរយៈលេខដដែលនិងកន្លែងដដែលជាចំណែករបស់ប្អូនស្រីឈ្មោះ ឱម សុផាត ឈ្មោះ យន ថារី សម្រាប់ឲ្យកូនចូលក្របខណ្ឌនគរបាល ហើយនៅថ្ងៃដដែលនោះ ឈ្មោះ ម៉ាច បញ្ញា បានតេមកដោយនិយាយថា អាណិតឈ្មោះ ឱម សុផាត ចង់រាប់អានជាបងប្អូនថានឹងសន្យាឲ្យរថយន្តកាមរី ឆ្លាមស៊េរី ឆ្នាំ២០០០ មួយគ្រឿងមកឲ្យ តែសុំឲ្យឈ្មោះ ឱម សុផាត ចេញតែថ្លៃសំបកកង់ និងកាត់ឈ្មោះចំនួន ៥លានរៀលបានហើយ ព្រោះឡានគេឲ្យខ្ញុំដែរទើបឈ្មោះឱម សុផាត បានផ្ញើរលុយចំនួន ១,២៥០ដុល្លារ តាមរយៈលេខដដែល។ នៅរសៀលថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធា បានផ្ញើរលុយចំនួន២,៦០០ដុល្លារទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដើម្បីឲ្យកូនបានចូលក្របខណ្ឌនគរបាលដែរ។

នៅថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង៧និង៤០នាទី ឈ្មោះ ឱម សុផាត និងឈ្មោះ ទូច វណ្ណះ ក៏បានផ្ញើរ
លុយចំនួន៣,១០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដដែល។ នៅថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ ឌន ណារិន ក៏បានផ្ញើរ លុយចំនួន២,១០០ដុល្លារ ទៅឲ្យឈ្មោះខាងលើទៀត។ នៅថ្ងៃដដែលនោះដែរ ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធី ក៏បានផ្ញើរលុយចំនួន៣,៤០០ដុល្លារ ទៅឲ្យឈ្មោះម៉ាច បញ្ញា និងតាមរយៈលេខដដែលទាំងអស់។ ទើបល្ងាចថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ាច បញ្ញា បានប្រាប់ឈ្មោះ ឱម សុផាត ប្រមូលអ្នកដែលត្រូវធ្វើការ នេះមកជួបជុំគ្នានៅផ្លូវកែងសំណាក់រូបសេះដើម្បីមកប្រកាសបញ្ចូលក្របខណ្ឌក្រសួងមហាផ្ទៃ តែដោយចាំយូរពេកឈ្មោះ ឱម សុផាត ក៏ខល ទូរសព្ទទៅឈ្មោះ ម៉ាច បញ្ញា ទាំង២ប្រព័ន្ធមិនចូល ទើបដឹងថាចាញ់បោកគេ។ សរុបទឹកលុយទាំងអស់ដែលឈ្មោះ ឱម សុផាត ផ្ញើរឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧,៣៥០ដុល្លារ។ ទើបនៅថ្ងៃទី ១៥ ខែឆ្នាំដដែល ឈ្មោះ ឱម សុផាត បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត តាមរយៈការងារជំនាញនិង ការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន តាមចម្លើយសារភាព របស់ឈ្មោះ ម៉ាច បញ្ញា (ជនសង្ស័យ) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទី ខ្លួនបានដើរតួជាឈ្មោះ លឹម សក្ខណា បានទូរសព្ទមកឈ្មោះ ឱម សុផាត សុំឲ្យជួយជម្រុញប៉ុស្ដិ៍ឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឲ្យក្មួយចូលក្របខណ្ឌនគរបាល ក្រោយបន្តិចក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយឬនៅហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា មិនទាន់មានទេព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូលធ្វើការនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ដាក់កូនចូលខ្ញុំយកតែ ១,៥០០ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌត្រូវចំណាយម្នាក់ ៣,០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។ នៅថ្ងៃដដែលនោះ ឱម សុផាត បានផ្ញើរលុយឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១,៥០០ដុល្លារ តាមរយៈវីង ឲ្យមកលេខ ០១៧៤២៩៣៩៦ ។ ក្រោយមកនៅថ្ងៃ ១២ និង ថ្ងៃ ១៣ ខែ ឆ្នាំ ដដែលឈ្មោះ ឱម សុផាត បានផ្ញើរលុយឲ្យឈ្មោះ ម៉ាច បញ្ញា ជាបន្តបន្ទាប់សរុបទាំងអស់ ១៧,៣៥០ដុល្លារ ស្មើរនិងចំនួន ០៦នាក់ចូលក្របខណ្ឌ។ ហើយឈ្មោះ ម៉ាច បញ្ញា តែងតែនិយាយអួតអ្នកជិតខាងថាខ្លួនជានគរបាលក្រុង ។

តាមចម្លើយសារភាពបន្តទៀតថា ខ្លួនធ្លាប់ឆបោកគេបានចំនួន ៣ដង មកហើយ
-លើកទី ១ កាលពីអំឡុង ចុងឆ្នាំ២០១៧ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកខ្សាច់កណ្ដាល បានចំនួន ២,០០០ដុល្លារ ។
-លើកទី ២ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចំនួន ៥,០០០ ដុល្លារ។
-លើកទី ៣ អំឡុងខែ ៧ ឆ្នាំ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅផ្សារដំដែក ខេត្តសៀមរាប បានចំនួន ៧.០០០ដុល្លារ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ ការតាមនីតិវិធីច្បាប់៕

មតិយោបល់