ព័ត៌មានជាតិ

រថយន្តកូរ៉ដឹកឈើ ផុងកង់ក្រឡាប់ចាក់ឈើចោលសំណាងល្អគ្មានគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញៈ រថយន្តកូរ៉េដឹកឈើ១គ្រឿងបើកបរតាមផ្លូវលំ ដែលកំពុងរងការខូចខាតក្លាយទៅជាជង្ហុកទៅហើយ នោះបានផុងកង់ផ្អៀងមួយចំហៀងរួចក៏បានក្រឡាប់ ដេកផ្អៀងខ្លួនស្ដូកចាក់ឈើចោលមកដីទាំងអស់តែម្ដង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបរ និងអ្នកជិះនៅលើនោះរងរបួសឬក៏ស្លាប់នោះឡើយ តែរថយន្តនោះបានរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តខាងលើនោះម៉ាកគា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AB-4803 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានដឹកឈើជាច្រើនម៉ែត្រគូបចេញពីផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកទៅដាក់នៅដេប៉ូលក់ឈើមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលំខាងលើដែលកំពុងតែមានស្ថានភាពខូចខាត ក្លាយទៅជាជង្ហុកតូចធំជាច្រើនកន្លែងទៅហើយ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើនោះ រថយន្តបានផុងកង់ខាងស្ដាំបណ្ដាលឲ្យផ្អៀងមួយចំហៀង រួចក៏បានក្រឡាប់ដេកផ្អៀងខ្លួនស្ដូកចាក់ឈើចោលទាំងអស់តែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបររួមទាំងអ្នកជិះលើនោះ មិនមានរបួសស្នាមអ្វីឡើយនិងបាននាំគ្នាលើករថយន្តបញ្ឈរឡើងវិញ ប៉ុន្តែមិនអាចលើករួចឡើយ គឺនៅរង់ចាំរហូតមានរថយន្តធំបើកឆ្លងកាត់តាមផ្លូវនោះទៅដល់ ទើបពឹងពាក់ឲ្យជួយទាញរថយន្តបញ្ឈរនិងលើកឈើដាក់លើរថយន្តបើកបន្តដំណើរទៅកាន់ដេប៉ូលក់ឈើខាងលើនោះទៀត៕

មតិយោបល់