ព័ត៌មានជាតិ

តាក់ស៉ីក្រហមទៀតហើយ! ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកបង្គោលភ្លើង ជ្រុលធ្លាក់ចូលប្រឡាយទឹក!

ភ្នំពេញៈ បុរស៣នាក់ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តតាក់ស៉ីក្រហមមួយគ្រឿងបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកបង្គោលភ្លើងដែលនៅតាមចិញ្ចើមផ្លូវជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យរងការខូចខាត ហើយភ្លាមនេះបុរសពីនាក់បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែភ្ញៀវដែលស្រវឹងម្នាក់នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ត្រង់ចំណុចខាងជើងវត្តក្រាំងធ្នង់ប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ភូមិធ្លក់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសជាភ្ញៀវដែលជិះក្នុងរថយន្តមានឈ្មោះ ឈុំ ប៊ុនធឿន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបុរីសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៌ក្រហម ជារថយន្តតាក់ស៉ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៉ីក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-2119 បើកបរដោយបុរសម្នាក់និងភ្ញៀវ២នាក់រួមដំណើរជាមួយ តាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរេចង្កូតទៅខាងឆ្វេងឆ្លងផ្លូវវេកន្ទុយរថយន្តទៅបុកនឹងបង្គោលភ្លើងមួយដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបែកប្រេះ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅធ្លាក់ចូលក្នុងទឹកប្រឡាយនិងបុករបងដីឡូត៍ដែលនៅជាប់ប្រឡាយបណ្តាលឲ្យបែកអស់មួយផ្ទាំង។ ចំណែករថយន្តរងការខូចខាតបែកកញ្ចក់និងកំពិតផ្នែកខាងក្រោយចំហៀងខាងស្តាំ។ ភ្លាមៗនោះ គេឃើញបុរស២នាក់បានចេញពីកាប៊ីនខាងមុខក្នុងស្ថានភាពស្រវឹងជោកជាំហើយឡើងមកលើគោកស្រែកជេរនិងដេញប្រជាពលរដ្ឋដែលឈប់ចោមរោមមើល មួយសន្ទុះក្រោយមកក៏មានរថយន្តតាក់ស៉ីក្រហមមួយគ្រឿងទៀតបានបើកមកយកបុរស២នាក់នោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែបុរសម្នាក់ដែលជាភ្ញៀវម្នាក់នៅក្នុងកន្លែងកើតហេតុ។

បើតាមសម្តីពីបុរសខាងលើដែលជាភ្ញៀវបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានចេញពីវិធីខួបកំណើតនៅផ្ទះមិត្តភក្តិនៅម្តុំវត្តក្រាំងធ្នង់ហើយគាត់បានទំនាក់ទំនងហៅរថយន្តតាក់ស៉ីខាងលើឲ្យមកយករូបគាត់ទៅផ្ទះនៅម្តុំចំការដូង ខណៈពេលដែលរថយន្តតាក់ស៉ីខាងមកដល់គាត់ឃើញតៃកុងម្នាក់និងបុរសម្នាក់នៅក្នុងរថយន្តហើយរូបគាត់ក៏បានឡើងជិះទៅ។ ស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងថាយ៉ាងម៉េចស្រាប់រថយន្តរេទៅបុកបង្គោលភ្លើងតែម្តងទៅ។

ក្រោយពេលកើតហេតុបុរសខាងលើបានឡើងជិះរម៉កកង់បីបន្តដំណើរទៅផ្ទះបាត់ ដោយឡែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់