ភ្នំពេញ: ក្រោយពីតុលាការបានសម្រេចឃុំខ្លួនកាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅនោះ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ PJ នាំខ្លួនជនជាប់ចោទឈ្មោះ រស់ សុធីរ័ត្ន អគ្គនាយិការក្រុមហ៊ុន ទេសចរណ៍ស្រីរ័ត្ន ទៅកាន់សាលាដំបូងក្រុងភ្នំពេញ ដើម្បីសាកសួរបន្ថែមពាក់ព័ន្ធករណី ឆបោកប្រាក់អតិថិជនប្រមាណជា ២៧ម៉ឺនដុល្លារ។
ជនជាប់ចោទឈ្មោះ រស់ សុធីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ជាថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ត្រូវបានលោក សៀង សុខ ជាតំណាងអយ្យការ ចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្រ តាមរយៈការលក់សំបុត្រដំណើរកម្សាន្តទៅក្រៅប្រទេស ដោយបានឆបោកប្រាក់ពីអតិថិជនប្រមាណជា ជិត១០០នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ២៧ម៉ឺនដុល្លារ យោងតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានអតិថិជនប្រមាណជា២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយសារតែសំបុត្រយន្តហោះដែលពួកគាត់បានទិញ មានភាពមិនប្រក្រតី ពោលគឺដល់ពេលចេញដំណើរទៅក្រៅប្រទេស គ្មានឈ្មោះត្រូវចេញទៅទេព្រោះគ្មានបានទិញសំបុត្រយន្ត។ ក្រុមអតិថិជនបានចោទថា ថៅកែក្រុមហ៊ុនមួយនេះបានឆបោកលុយពួកគាត់ប្រមាណជា ២៧ម៉ឺនដុល្លារ៕
https://www.youtube.com/watch?v=pDAqL0xoSuQ&feature=youtu.be
មតិយោបល់