កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូមួយគ្រឿង បានបើកទៅបុកគូថរថយន្តគេពេញទំហឹង បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ចំណែករថយន្តបានបើកគេចចេញបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-2804 បើកបរដោយឈ្មោះ សុខ មាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់