ព័ត៌មានជាតិ

ឡិចស៊ីសពន្លះម៉ូតូ​ របួសធ្ងន់ម្នាក់និងស្លាប់២នាក់ នៅកំពង់ធំ

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់ ម្នាក់និងស្លាប់២នាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ឡិចស៊ីសRX300 ពណ៌ ស ពាក់ស្លាកលេខ សៀមរាប2B-5130 បើកបរដោយឈ្មោះ ហ៊ន់ សុខុន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ រការកោង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម (ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក) បានបុកម៉ូតូបើកបត់ឆ្វេង ក្នុងទិសដៅស្របគ្នា ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H-6058 បើកបរដោយឈ្មោះ ហ៊ួន យ៉ាន ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)។ និងអ្នករួមដំណើរលើម៉ូតូចំនួន២នាក់ ទី១ឈ្មោះ ស សុះ ភេទស្រី អាយុ៦៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២ឈ្មោះ ទៀង ភេទស្រី អាយុ ៦៨ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យឯកជន ៥១៥ ខេត្តកំពង់ធំ)។ អ្នកទាំង២ស្នាក់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ពីមូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងនិងនាំយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់