ចប់ការប្រកួតនាពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាចមុននេះ ក្រុមទាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ យកឈ្នះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផល ៣ទល់២ ដែលជាជំនួបលើកទីពីរ ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018)។
នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះហាក់បីដូចជាធ្វើមិនបានល្អសោះ ដោយក្រុមភ្ញៀវបាននាំមុខមុន ២គ្រាប់ ដោយកីឡាករ HEIN HTET AUNG នៅនាទី ៣៣ ខណៈដែលខ្សែបម្រើ LWIN MOE AUNG បានទាត់បាល់ពីចំងាយយ៉ាងអស់ចា៎! នៅ២នាទី បន្ទាប់។ ឈានចូលមកដល់វគ្គទី២ ក្រុមគោព្រៃជំទង់ បានធ្វើការវាយសម្រុកយ៉ាងខ្លាំង នឹងមានឱកាសទាត់បាល់ពិន័យ(free kick) ពីចំងាយដោយកីឡាករ សុិន កក្កដា ២គ្រាប់ មកវិញនៅនាទី ៥៩ នឹង ៨៩ ហើយជិតចប់ការប្រកួត សាន គឹមហេង បន្ថែមួយគ្រាប់យកឈ្នះ នាទី៩០+៣ លទ្ធផលនេះរក្សារហូតដល់ចប់៩០នាទី។
សូមបញ្ជាក់ផងដែរថា គោព្រៃកម្ពុជា នៅសល់មួយប្រកួតទៀត ដែលជួបជាមួយ U-19 ហ្វីលីពីន នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នាពហុកីឡដ្ឋានជាតិ៕
មតិយោបល់