ព័ត៌មានជាតិ

​សិស្សជិះម៉ូតូបុករថយន្តគ្រូ របួសធ្ងន់ឯងខ្លួន នៅតាកែវ

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៥-៧៦ ​ស្ថិតនៅក្នុងភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FK-4388 ជិះដោយឈ្មោះ ពុំ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់) ស្នាក់នៅភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរមកពីទិសដៅខាងត្បូង លុះមកចំណុចកើតហេតុ បានបុករថយន្ត១គ្រឿង ម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2R-5360 បើកបរដោយឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបត់ឆ្វេងទៅទិសខាងកើត បណ្តាលឲ្យយុវជនខាងលើរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ​។ ចំណែកវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំការដោះដ្រាយគ្នាពេលក្រោយទៀតផងដែរ៕

មតិយោបល់