ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ២នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​ វេលាម៉ោង១២និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកម៉ូតូនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥១និង១៥២ ត្រង់ចំណុចមុខវត្តនាគកួច ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យមនុស្សស្លាប់១នាក់ រងរបួសធ្ងន់១នាក់និងរងរបួសស្រាល១នាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។

តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កមានម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2W-9360 ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ យ៉ាន់ តូនី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅភូមិស្វាយធំឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ( មិនរងរបួស)​ ។ លុះបើកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FD-1475 ( ធ្វើចរាចរណ៍ពីកើតទៅលិច) ជិះឆ្លងថ្នល់ (ប្ដូរគន្លងផ្លូវ) បើកបរម៉ូតូឈ្មោះ ហូ ចាន់ណេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ( ស្លាប់ )។

អ្នករួមដំណើរឈ្មោះ ឃុំ សោភ័ណ្ឌ អាយុ ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា( រងរបួសស្រាល ) ។

អ្នករួមដំណើរឈ្មោះ ឈឿន សៀ អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ។ ចំពោះអ្នករងរបួសទាំងពីរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿនដែលបង្កឡើងដោយអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការទៅតាមនីតិវិធី៕

មតិយោបល់