ភ្នំពេញៈ រថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿងបើកបត់ឆ្វេងឆ្លងស្តុបមិនប្រុងប្រយ័ត្នបុកម៉ូតូនិងកិនបុរសម្នាក់បែកទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយព្យាយាមបើករត់គេច តែត្រូវប្រជាពលរដ្ឋស្ទាក់ជាប់នៅជិតព្រែកព្នៅ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៦ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាការពារដែរយាមនៅគោលដៅនោះផ្ទាល់ បានប្រាប់ក្រុមការងារ Post Newsថា មុនដំបូងឡើងគឺរថយន្តធុនធំមួយគ្រឿងប្រភេទដឹកទំនិញបើកបរដោយបុរសម្នាក់រួមទាំងព្រូម្នាក់ទៀតមិនចាំស្លាកលេខ មកពីភ្នំពេញបម្រុងបត់ទៅស្ពានលីយ៉ុងផាត់ ហើយមានម៉ូតូមួយគ្រឿងម៉ាកMSX មិនមានស្លាកលេខបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវចេញពីកំពង់ចាមទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តដែលបត់មិនគោរពភ្លើងសញ្ញាចរាចរណ៍នោះបានបុកម៉ូតូរបស់ជនរងគ្រោះនោះបណ្តាលឲ្យម៉ូតូខ្ទាតដោយម៉ូតូរីឯជនរងគ្រោះវិញត្រូវបានផ្លោងបាក់កហើយត្រូវរថយន្តកិនបែកទ្រូងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង រួចក៏ព្យាយាមបើករត់គេចដល់ផ្លូវជាតិលេខ៥ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចស្ទាក់ចាប់ជាប់បានតែរថយន្ត រីឯតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះមានឈ្មោះ ឡុង ជីវ័ន្ត អាយុ ២៥ ឆ្នាំ ស្នាក់នៅ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញរីឯសាកសពត្រូវបានរថយន្តដឹកសាកសពដឹកយកទៅស្រុកកំណើតនៅឯខេត្តកំពង់ចាមដើម្បីធ្វើបុណ្យតាមប្រពៃណី៕









មតិយោបល់