ព័ត៌មានជាតិ

រត់ម៉ូតូឌុបមិនសូវកាក់កប បែកគំនិតឆក់ទូរសព្ទ គេចាប់បានទ្រោមខ្លួន នៅកោះពេជ្រ

​ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីរួបគេបានធ្វើសកម្មភាពឆក់ទូរសព្ទមួយគ្រឿងពីនារីម្នាក់នៅកោះពេជ្រ ហើយត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាចាប់បាននិងវាយម្នាក់មួយដៃមួយជើងបែកក្បាលហូរឈាមស្រោចពេញខ្លួន ដោយទំនងជាមុខរបររត់មិនសូវកាក់កបទើបបែកគំនិតធ្វើបែបនេះនោះ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ នៅក្នុងទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ភុន អ៊ាក់ អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃម្នាស់ ឃុំ ព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។នារីរងគ្រោះឈ្មោះ គុណ ណារី អាយុ ១៦ឆ្នាំ មុខរបរបុគ្គលិកលក់ខោអាវ មានទីលំនៅស្រុកគៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ នារីរងគ្រោះកំពុងតែអង្គុយនិយាយទូរសព្ទជាមួយនិងមិត្តភក្តិរបស់ខ្លួននៅក្បែរហាងលក់ខោអាវរបស់ខ្លួន ពេលនោះក៏ស្រាប់តែបុរសជាជនសង្ស័យបានដើរមកជិត និងធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាក Iphone5 មួយគ្រឿងពីដៃបានហើយរត់ឡើងជិះម៉ូតូរត់ នាងក៏ស្រែកធ្វើអោយមានការភ្ញាក់ផ្អើលកើតឡើង ហើយក៏ត្រូវបានក្រុមប្រជាពលរដ្ឋ និងសន្តិសុខកោះពេជ្រដេញចាប់់បានវាយម្នាក់មួយដៃមួយជើង បែកក្បាលហូរឈាមស្រោចពេញខ្លួនទើបប្រគល់អោយកម្លាំងសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ទូរសព្ទដៃម៉ាក Iphone5 មួយគ្រឿងនោះត្រូវបានប្រគល់អោយនារីរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យត្រូវបាននាំមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុបញ្ជូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់